ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនូវែលសេឡង់ នង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជាកាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា នូវែលសេឡង់ និងកម្ពុជា គឺជាប្រទេសជាមិត្ត និងជាដៃគូរដ៏យូរលង់ ហើយនូវែលសេឡង់មានមោទនភាពចំពោះការចូលរួមចំណែកគាំទ្រដល់ដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។
លោកស្រី ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យសំខាន់ៗ រួមមាន៖ ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការគ្រប់គ្រងធនធានទឹក, ការប្រែប្រួលអាកាសធាតុ, បរិស្ថាន, កសិកម្ម, ការលើកកម្ពស់ស្ត្រី និងយុវជន, និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់។ លោកស្រី ក៏បានប្តេជ្ញានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។
ជាការឆ្លើយតប សម្ដេចធិបតី បង្ហាញនូវជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងរឹងមាំបន្ថែមទៀត ខណៈសម្ដេចធិបតី ក៏បានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអរគុណចំពោះការរួមចំណែករបស់ប្រទេសនូវែលសេឡង់ ក្នុងការដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។
សូមជម្រាបដែរថា តាមរយៈជំនួបនោះ សម្ដេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនលើវិស័យសំខាន់ៗ ប្រកបដោយសក្តានុពល រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្ទេរបច្ចេកវិទ្យាថ្មី, ថាមពលកកើតឡើងវិញ, ទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ, ក៏ដូចជាការតភ្ជាប់ប្រជាជន និងប្រជាជនជាដើម៕អត្ថបទ៖ហ្សាលីន


