ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២,០០០នាក់ មកពី ២៦ប្រទេស ចូលរួមយ៉ាងផុលផុស កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅលើខ្នងភ្នំបូកគោ ខេត្តកំពត ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត។

កម្មវិធីកីឡានេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ (២-៤ តុលា) ដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីបណ្តាខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ រួមមាន កំពត កែប ព្រះសីហនុ និងកោះកុង តាមរយៈសកម្មភាពចម្រុះដូចជា ការប្រកួតស្នាដៃចម្អិនម្ហូបអាហារ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។
ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍បៃតង ទេសចរណ៍កីឡា និងភាពសម្បូរបែបនៃតំបន់ឆ្នេរសមុទ្រកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កំណើនភ្ញៀវទេសចរ និងការអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងឆាប់រហ័សនេះ គឺកើតចេញពីផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានកោតសរសើរដល់រដ្ឋបាលខេត្តកំពត ដែលបានច្នៃប្រឌិតបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពទាក់ទាញខ្ពស់៕










