ក្រុមហ៊ុន Citystar Group ដែលជាក្រុមហ៊ុនវិនិយោគធំមួយ បានបង្ហាញពីការប្តេជ្ញាអភិវឌ្ឍគម្រោងស្នាក់នៅកម្រិតជាន់ខ្ពស់ក្នុងរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកជួបពិភាក្សាការងារ និងរាយការណ៍វឌ្ឍនភាពវិនិយោគជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចរាល់ហើយ។

ជំនួបពិភាក្សានេះ បានធ្វើឡើងកាលពីចុងសប្តាហ៍រវាង លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Citystar Group ដឹកនាំដោយលោក Jean-Louis Charon ស្ថាបនិក និងជាភាគទុនិក និងសហការី។
ក្នុងជំនួបនេះ លោក Jean-Louis Charon តំណាងក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពវិនិយោគនៅកម្ពុជារយៈពេលជាង ២០ ឆ្នាំមកនេះ និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ ក.អ.ក. និងបានបញ្ជាក់ពីផែនការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យទេសចរណ៍ សណ្ឋាគារ ដោយប្តេជ្ញានាំយកដៃគូវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ និងអភិវឌ្ឍគម្រោងស្នាក់នៅកម្រិតជាន់ខ្ពស់ក្នុងរាជធានីភ្នំពេញ។
ជាការឆ្លើយតប លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះទំនុកចិត្តរបស់ក្រុមហ៊ុន ព្រមទាំងបានគូសបញ្ជាក់ពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ បរិយាកាសវិនិយោគអំណោយផល។
ជាថ្មីម្តងទៀត លោកក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក.អ.ក. ក្នុងការផ្តល់កិច្ចសម្រួល (Facilitate) និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនដំណើរការទៅដោយរលូន និងទទួលបានជោគជ័យផងដែរ៕ អត្ថបទ៖ហ្សាលីន



