ដើម្បីចូលរួមចំណែកសម្រាលការលំបាក និងជាការលើកទឹកចិត្តដល់កម្លាំងជួរក្រោយ ព្រះតេជព្រះគុណ សែម សុភា ព្រះវិន័យធរអនុគណស្រុកសំរោង ចៅអធិការវត្តអង្គប្រីយ៍ ស្ថិតក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំលំចង់ លោកអាចារ្យ គណៈកម្មការវត្ត រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានរៀបចំពិធីចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់គ្រួសារវីរកងទ័ពជួរមុខចំនួន ៥២គ្រួសារ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៨។ នេះជាការចែកអំណោយលើកទី៣ ហើយដែលត្រូវបានរៀបចំឡើងសម្រាប់គ្រួសារកងទ័ពនៅតំបន់ជើងវត្តអង្គប្រីយ៍។

ព្រះតេជព្រះគុណ សែម សុភា បានមានសង្ឃដីកាបញ្ជាក់ពីទឹកព្រះទ័យយ៉ាងជ្រាលជ្រៅថា៖ «អាត្មាមិនអាចទៅជួយកាន់កាំភ្លើងជាមួយបងប្អូនកងទ័ពទេ តែអាត្មាអាចចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឧបត្ថម្ភគ្រួសារកងទ័ពតាមលទ្ធភាពបាន»។ សង្ឃដីកានេះបង្ហាញពីការរួមចំណែកយ៉ាងសំខាន់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងការគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ។
បើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្ទាល់ខ្លួន ព្រះតេជព្រះគុណ សែម សុភា បានឱ្យដឹងថា សម្ភារៈ និងថវិកាដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករចំនួន ១បាវ (ទម្ងន់ ៥០ គីឡូក្រាម), មីជាតិចំនួន ១កេះ, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ, សារុងចំនួន ២, ក្រមាចំនួន ២ និង ថវិកាចំនួន ៥០,០០០ រៀល។
នៅក្នុងឱកាសដ៏វិសេសវិសាលនៃរដូវបុណ្យភ្ជុំបិណ្ឌនេះ ព្រះអង្គក៏បានឧទ្ទិស និងផ្ញើសារថ្លែងអំណរគុណដល់ញាតិញោម ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយគ្រប់ទិសទី ដែលបានចំណាយធនធានផ្ទាល់ខ្លួនចូលរួមជាសម្ភារៈ និងបច្ច័យ ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌នេះ សូមទទួលបាននូវចំណែកបុណ្យកុសលស្មើៗគ្នា៕















