ក្រសួងឧស្សាហកម្ម ប្រកាសបើកការស្រាវជ្រាវថ្នាក់ជាតិជាលើកដំបូងនៅដើមឆ្នាំ២០២៧

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា មូលនិធិស្រាវជ្រាវជាតិ គ្រោងនឹងបើកទទួលសំណើស្រាវជ្រាវថ្នាក់ជាតិជាលើកដំបូង នៅត្រីមាសទី១ ឆ្នាំ២០២៧ ដែលផ្តោតទៅលើការអភិវឌ្ឍ និងនវានុវត្តន៍ (ការច្នៃប្រឌិតថ្មី)។ ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែតុលា  បន្ទាប់ពីមូលនិធិស្រាវជ្រាវជាតិបាន ពិនិត្យលើប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា និង វឌ្ឍនភាពនៃការរៀបចំស្ថាប័ន នីតិវិធីប្រតិបត្តិការ ក្របខណ្ឌហិរញ្ញវត្ថុ ផែនការការងារឆ្នាំ២០២៧ និងសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់មូលនិធិស្រាវជ្រាវជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហែម វណ្ណឌី បានលើកឡើងថា៖ “មូលនិធិស្រាវជ្រាវជាតិត្រូវអភិវឌ្ឍខ្លួនទៅជាស្ថាប័នដែលទទួលការជឿទុកចិត្ត ផ្តោតលើលទ្ធផល និងអាចភ្ជាប់ការស្រាវជ្រាវអនុវត្ត (applied research) ទៅនឹងអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ព្រមទាំងតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្ម និងសង្គមជាតិ។”

គួរឱ្យដឹងថា មូលនិធិស្រាវជ្រាវជាតិ ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចសាធារណៈ ដើម្បីគាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ និងដើម្បីកសាងប្រព័ន្ធផ្តល់មូលនិធិស្រាវជ្រាវថ្នាក់ជាតិដែលមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ប្រភពហិរញ្ញប្បទានរបស់មូលនិធិ អាចបានមកពីថវិកាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រភពស្របច្បាប់ផ្សេងៗ។ ក្រោមក្របខណ្ឌដែលបានស្នើ មូលនិធិនេះនឹងគាំទ្រការស្រាវជ្រាវបឋមនិងគម្រោងសាកល្បង ការស្រាវជ្រាវអនុវត្ត និងការកសាងសមត្ថភាព ដោយផ្តោតលើការផ្សារភ្ជាប់សាកលវិទ្យាល័យ និងស្ថាប័ន​ស្រាវជ្រាវ ជាមួយវិស័យឧស្សាហកម្ម៕