កម្ពុជាជំរុញការកៀរគរហិរញ្ញប្បទានចីរភាព និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ក្នុងកិច្ចប្រជុំ អ.ស.ប.

សង្គម​ និង​សេដ្ឋកិច្ច

លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើភាពចាំបាច់ជាសារវន្តនៃហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ដែលអាចព្យាករណ៍បាន មានតម្លៃសមរម្យ និងមានរយៈពេលវែង ដើម្បីពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការទី២ (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្នុងកិច្ចពិភាក្សាដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ការកៀរគរហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចសកល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ឯកអគ្គរាជទូតកម្ពុជា បានជំរុញឱ្យមានការអនុវត្តឯកសារលទ្ធផល Compromiso de Sevilla ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់បណ្តាប្រទេសជាសមាជិកទាំងអស់ ឱ្យរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង, ជើង-ត្បូង និងត្រីកោណ តាមរយៈការផ្លាស់ប្តូរចំណេះដឹង បង្កើននវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យាទៅវិញទៅមក។

ទន្ទឹមនឹងការលើកកម្ពស់សាមគ្គីភាពអន្តរជាតិ លោក កែវ ឈា បានថ្លែងអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ឱ្យបន្តផ្តល់ការគាំទ្រប្រកបដោយភាពសមស្រប និងមានគោលដៅច្បាស់លាស់ ដល់កម្ពុជាក្នុងដំណើរអន្តរកាលដ៏សំខាន់ ឆ្ពោះទៅរកការចាកចេញជាផ្លូវការពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឱ្យបានជោគជ័យនៅឆ្នាំ២០២៩ ខាងមុខនេះ៕