ពង្រឹងភាពធន់ទីផ្សារមូលធនអាស៊ាន! និយ័តករ ៧ប្រទេស ជួបជុំគ្នានៅភ្នំពេញ ក្នុងវគ្គបណ្តុះបណ្តាល គ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យា AI

សង្គម​ និង​សេដ្ឋកិច្ច

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងនាមជាសហប្រធានក្រុមការងារ FLCB-WG នៃវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) រួមជាមួយគណៈកម្មការមូលបត្ររដ្ឋវៀតណាម (SSC) ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមជ្ឈមណ្ឌលតូរ៉ុនតូ (TC) បានបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពី “ការត្រួតពិនិត្យផ្អែកលើហានិភ័យ (RBS) ក្នុងទីផ្សារមូលបត្រ” កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Tribe Phnom Penh Post Office Square។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន.ម.ក., លោក Ha Duy Tung អនុប្រធាន SSC, លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំកម្ពុជា និងលោក Babak Abbaszadeh ប្រធាន TC។

វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ (៥-៩ តុលា) នេះ មានសិក្ខាកាមចូលរួមចំនួន ៣៩រូប មកពីនិយ័តករទីផ្សារមូលបត្រនៃប្រទេសអាស៊ានចំនួន ៧ រួមមាន៖ ព្រុយណេ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។ កម្មវិធីនេះផ្តោតសំខាន់លើការបង្កើនសមត្ថភាពកំណត់ និងវាយតម្លៃហានិភ័យ ការបែងចែកធនធានត្រួតពិនិត្យតាមទំហំស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងការគ្រប់គ្រងផលប៉ះពាល់ដែលកើតចេញពីសេវាហិរញ្ញវត្ថុឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងបទល្មើសហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីបើក លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ការត្រួតពិនិត្យផ្អែកលើហានិភ័យ (RBS) គឺជាផ្នត់គំនិតមានចក្ខុវិស័យវែងឆ្ងាយ ដែលជួយឱ្យការត្រួតពិនិត្យចំគោលដៅ និងទាន់ពេលវេលា។ វគ្គបណ្តុះបណ្តាលនេះ បានរួមចំណែកដោយផ្ទាល់ដល់ការអនុវត្តផែនការសកម្មភាព ACMF ឆ្នាំ២០២៦-២០៣០ សំដៅកសាងទីផ្សារមូលបត្រអាស៊ានមួយប្រកបដោយភាពធន់ រឹងមាំ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃ SSC, ADB និង TC ក៏បានឯកភាពគ្នាថា ការពង្រឹងសមត្ថភាពត្រួតពិនិត្យ និងកិច្ចសហការចែករំលែកចំណេះដឹងរវាងស្ថាប័ននិយ័តករ គឺជាខែលការពារដ៏រឹងមាំបំផុតប្រឆាំងនឹងអស្ថិរភាពហិរញ្ញវត្ថុ និងធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងតំបន់៕