កម្ពុជា-វៀតណាម ជំរុញការនាំចេញ និងនាំចូលផលិតផលសក្តានុពលទៅកាន់ទីផ្សាររវាងប្រទេសទាំងពីរ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាម បានប្តេជ្ញាថា នឹងរួមគ្នាជំរុញការនាំចេញ និងនាំចូលផលិតផលសក្តានុពលទៅកាន់ទីផ្សារប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។នេរះបើយោងតាមកិច្ចចរចា និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមហ៊ុន MEKONG TÂY NINH GROUP និង KC MARKET GROUP ដើម្បីជំរុញគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងបង្កើនឱកាសសម្រាប់ការតាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ផលិតផលរបស់ប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្គត់ផ្គង់ផលិតផលពីវៀតណាមចូលទីផ្សារកម្ពុជា និងការនាំចេញកសិផល និងផលិតផលមានសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាម និងទីផ្សារអន្តរជាតិផ្សេងទៀត។

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីការសម្របសម្រួលឯកសារ និងនីតិវិធីនាំចូល-នាំចេញ ការអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងស្តង់ដាគុណភាព ព្រមទាំងការរៀបចំយន្តការធានាការទូទាត់រវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងនោះ មានការលើកឡើងអំពីលទ្ធភាពប្រើប្រាស់លិខិតឥណទាន (Letter of Credit – L/C) តាមរយៈធនាគារ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនទំនុកចិត្តក្នុងប្រតិបត្តិការទិញ-លក់ទំនិញ។

លើសពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពអនុវត្តយន្តការបង់កម្រៃតាមភាគរយនៃការលក់ ឬលទ្ធផលអាជីវកម្ម ដោយកាត់បន្ថយការចំណាយដំបូងរបស់ពាណិជ្ជករ សំដៅលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមចូលរួមដាក់តាំងបង្ហាញ និងលក់ផលិតផលនៅមជ្ឈមណ្ឌលពាណិជ្ជកម្មដែលគ្រោងបង្កើតនៅរាជធានីភ្នំពេញ៕ អត្ថបទ៖ហ្សាលីន