ឥណ្ឌូណេស៊ី ប្រកាសកាត់បន្ថយការនាំចេញឧស្ម័នទៅកាន់ប្រទេសសិង្ហបុរី​ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី​ កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួនកំពុងកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិរាវ ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីផ្តល់អាទិភាពចម្បងដល់តម្រូវការក្នុងស្រុកជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានស្ថាប័ន SKK Migas ដែលជាទីភ្នាក់ងាររដ្ឋទទួលបន្ទុកត្រួតពិនិត្យវិស័យប្រេង និងឧស្ម័ន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ឥណ្ឌូណេស៊ីនឹងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់សិង្ហបុរីក្នុងបរិមាណសរុបចំនួន ៣១ លានហ្វីតគូបក្នុងមួយថ្ងៃ។

លោក Djoko Siswanto ប្រធានស្ថាប័ន SKK Migas បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បរិមាណដែលត្រូវកាត់បន្ថយនោះរួមមាន ១៥ លានហ្វីតគូបក្នុងមួយថ្ងៃពីតំបន់ Natuna ស្ថិតក្នុងខេត្តកោះ Riau របស់ឥណ្ឌូណេស៊ី និង ១៦ លានហ្វីតគូបក្នុងមួយថ្ងៃទៀតពីកោះ Sumatra។

លោក Siswanto ក៏បានបញ្ជាក់ទៀតផងដែរថា ការសម្រេចចិត្តនេះធ្វើឡើង ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក សម្រាប់ប្រើប្រាស់ក្នុងការផលិតអគ្គិសនី។

យោងតាមទិន្នន័យពីទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិក (US Energy Information Administration) បានបង្ហាញថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវដ៏សំខាន់មួយសម្រាប់សិង្ហបុរី ដោយបានផ្គត់ផ្គង់ឧស្ម័នសរុបចំនួន ១៤៥,៣ ពាន់លានហ្វីតគូប ក្នុងឆ្នាំ២០២៤។ ប៉ុន្តែប្រទេសទាំងពីរ ថ្មីៗនេះកំពុងមានជម្លោះនឹងគ្នាជុំវិញបញ្ហាផ្សែងអ័ព្ទពុលក្នុងតំបន់ ដែលបង្កឡើងដោយភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី​៕​