ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តប្រណីតខ្នាតយក្សរបស់អាល្លឺម៉ង់ Audi បានសម្រេចចិត្តវិនិយោគក្នុងចំនួនទឹកប្រាក់ ៤,២ពាន់លានដុល្លារ ទៅលើការសាងសង់រោងចក្រថ្មីដ៏ធំសម្បើមមួយ នៅទីក្រុង Macon រដ្ឋ Georgia។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ ខែតុលា។

លោក ត្រាំ បានមានប្រសាសន៍ថា ការសាងសង់នឹងចាប់ផ្តើមនៅខែក្រោយ ហើយរោងចក្រនេះនឹងផលិតរថយន្តបាន ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំ។ ប្រធានាធិបតីអាមេរិករូបនេះ បានពណ៌នាគម្រោងនេះថា ជាការវិនិយោគដ៏ធំបំផុតតែមួយគត់ នៅក្នុងឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដោយប៉ាន់ប្រមាណថា នៅពេលខាងមុខការវិនិយោគនឹងមានទំហំទឹកប្រាក់សរុបដល់ ៤០ពាន់លានដុល្លារ និងបង្កើតការងារថ្មីៗចំនួន ៣០ ០០០ កន្លែង។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick និងប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Audi គឺលោក Gernot Dollner រួមទាំងបុគ្គលសំខាន់ៗផ្សេងទៀត ចំពោះតួនាទីរបស់ពួកគេ ក្នុងការសម្រេចឱ្យមានការវិនិយោគដ៏ធំនេះ។

