ធនាគារ ជីប ម៉ុង បានចូលរួមចំណែកឧបត្ថម្ភលើមធ្យោបាយធ្វើដំណើរជូនដល់បងប្អូនកសិករខ្មែរ ដើម្បីមកចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦»

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ចំណេះដឹង និងបង្កើតឱកាសថ្មីៗសម្រាប់កសិករខ្មែរ ធនាគារ ជីប ម៉ុង បានបន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យកសិកម្មកម្ពុជា តាមរយៈការឧបត្ថម្ភមធ្យោបាយធ្វើដំណើរជូនបងប្អូនកសិករមកពីតាមបណ្តាខេត្ត ដើម្បីមកចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី 23 ដល់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2026 នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការគាំទ្រនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ជីប ម៉ុង ចំពោះតួនាទីដ៏សំខាន់របស់បងប្អូនកសិករខ្មែរ ក្នុងការជំរុញការរីកចម្រើននៃវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លើសពីការសម្រួលដល់ការធ្វើដំណើរ គំនិតផ្តួចផ្តើមនេះក៏មានគោលបំណងផ្តល់ឱកាសឱ្យបងប្អូនកសិករបានស្វែងយល់ពីចំណេះដឹង បច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មថ្មីៗ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងដៃគូពាក់ព័ន្ធ ដើម្បីយកចំណេះដឹងទាំងនោះទៅអភិវឌ្ឍមុខរបរ បង្កើនប្រសិទ្ធភាពផលិតកម្ម និងលើកកម្ពស់ជីវភាពរស់នៅក្នុងសហគមន៍។

តាមរយៈដំណើរទស្សនកិច្ចនេះ បងប្អូនកសិករមានឱកាសស្វែងយល់បន្ថែមពីនវានុវត្តន៍ក្នុងវិស័យកសិកម្ម វិធីសាស្ត្រកែលម្អគុណភាពកសិផល និងការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម។ កម្មវិធីនេះក៏ជាវេទិកាសម្រាប់បងប្អូនកសិករបានជួបជាមួយអ្នកផលិត អ្នកកែច្នៃ សហគ្រិន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍមុខរបរកសិកម្មរបស់ខ្លួន។

ធនាគារ ជីប ម៉ុង ជឿជាក់ថា ការជួយអោយឱ្យបងប្អូនកសិករទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ មិនត្រឹមតែជួយពង្រឹងសមត្ថភាពរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជំរុញការចែករំលែកចំណេះដឹងទៅកាន់សមាជិកក្នុងសហគមន៍ និងរួមចំណែកបង្កើនផលិតភាពកសិកម្ម។ ការរីកចម្រើននៃមុខរបរកសិកម្មនៅតាមមូលដ្ឋាន ក៏អាចបង្កើតឱកាសសេដ្ឋកិច្ច និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព។

សម្រាប់ធនាគារ ជីប ម៉ុង ការឧបត្ថម្ភមធ្យោបាយធ្វើដំណើរជូនបងប្អូនកសិករ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ដែលផ្តោតលើការបង្កើតឱកាស និងការគាំទ្រដល់ការអភិវឌ្ឍសហគមន៍។ ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង បន្តផ្តល់សារៈសំខាន់ដល់ការរួមចំណែកជំរុញសក្តានុពលវិស័យកសិកម្ម និងការរីកចម្រើនរបស់កសិករ សហគ្រិន និងម្ចាស់អាជីវកម្មខ្មែរ។

តាមរយៈការគាំទ្រនេះ ធនាគារ ជីប ម៉ុង បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរួមដំណើរជាមួយបងប្អូនកសិករខ្មែរ ដោយជឿជាក់ថា ការបង្កើតឱកាសទទួលបានចំណេះដឹង និងការពង្រឹងសមត្ថភាពនាពេលបច្ចុប្បន្ន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍមុខរបរ ការលើកកម្ពស់ជីវភាពសហគមន៍ និងការកសាងអនាគតដ៏រឹងមាំសម្រាប់វិស័យកសិកម្មកម្ពុជា៕