កម្មវិធីប្រកួតប្រជែងផលិតវីដេអូ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ឈានដល់វគ្គប្រកាសជ័យលាភីហើយ

សង្គម​ និង​សេដ្ឋកិច្ច

កម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» នឹងឈានដល់វគ្គប្រកាសជ័យលាភីនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះហើយ ដែលនឹងរៀបចំធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បេក្ខភាពនីមួយបានស្វះស្វែងបង្កើតវីដេអូដ៏មានន័យក្នុងគោលដៅផ្សព្វផ្សាយពីរដូវកាលបៃតងដ៏ស្រស់បំព្រងរបស់កម្ពុជា។ ការរង់ចាំបានជិតដល់ពេលបញ្ចប់ជាផ្លូវការហើយ ដើម្បីអបអរសាទរទេសភាពដ៏ស្រស់ត្រកាល វប្បធម៌ដ៏រស់រវើក និងភាពអស្ចារ្យនៃវិស័យទេសចរណ៍ធម្មជាតិនៅក្នុងប្រទេសកម្ពុជា ឥឡូវនេះ ដល់ពេលដែលត្រូវប្រកាសឈ្មោះអ្នកឈ្នះហើយ។

កម្មវិធីប្រកាសជ័យលាភី ក្នុងការប្រកួតប្រជែងផលិតវីដេអូ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»នេះនឹងមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍,​ គណៈកម្មការ និងក្រុមការងារជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង», លោកស្រី ហាន លី នាយកប្រតិបត្តិនៃសារព័ត៌មាន Tnaot, ក្រុមការងារនៃសារព័ត៌មាន Tnaot និងបេក្ខភាពដែលចូលរួមប្រកួតផងដែរ។

កម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» បានប្រព្រឹត្តិទៅយ៉ាងរលូននេះ ក៏ដោយសារតែមានចំណែកពីម្ចាស់ឧបត្ថម្ភកម្មវិធី ក្នុងនោះ សូមថ្លែងអំណរគុណដល់ អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA), Air Lee Beauty Center, ធនាគារ ខេ ប៊ី ប្រាសាក់, ក្រុមហ៊ុន E-Gets, ក្រុមហ៊ុន Gold Zone Media, សណ្ឋាគារ ហ័ន ហៃ, Tui Blue Angkor Grace, Kospet Cambodia, Pathfinder Travel ​និង Alarm Clock coffee។

ក្នុងនោះ ក៏សូមថ្លែងអំណរគុណដល់ដៃគូផ្សព្វផ្សាយផ្លូវការួមមាន KOCHAM, ភ្នំពេញប៉ុស្តិ៍, ដើមអម្ពិល, 58Cam, CEN News, Fresh News, Fresh AI, ឧកញ៉ាញូស៍, KhmerNote, BBR Guangxi Project (北部湾之声), Cam-Insight និង 柬华日报(Jian Hua Daily )។

ក្រៅតែពីរង្វាន់សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី ក្នុងនោះ អ្នកចូលរួម Like និងShare វីដេអូស្នាដៃរបស់បេក្ខជនប្រកួតដែលអ្នកចូលចិត្តលើបណ្តាញសង្គមតាមរយៈ Tnaot Event ក៏នឹងមានឱកាសឈ្នះរង្វាន់ “សំបុត្រយន្តហោះ Round Trip” ទៅកម្សាន្តនៅប្រទេសវៀតណាម និង រង្វាន់វត្ថុអនុស្សាវរីយថែមទៀតផងដោយគ្រាន់តែចុចតាមដានផេក (Follow Page) TNAOT Events ហើយចូលទៅកាន់តំណរវីដេអូណាមួយដែលអ្នកពេញចិត្ត ហើយចុច Like និងចែករំលែក (Share) ស្នាដៃវីដេអូនោះ។

ក្រសួងទេសចរណ៍ សហការជាមួយសារព័ត៌មាន Tnaot News រៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងបំផុសស្មារតីនៃការចូលរួមផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជានៅរដូវកាលបៃតង តាមរយៈការផលិតវីដេអូខ្លីដែលមានភាពច្នៃប្រឌិត និងមានភាពទាក់ទាញ៕