ជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីរដ្ឋធានីប្រាក នៃសាធារណរដ្ឋឆែក មកកាន់ក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើមដំណើរការហោះហើរជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីនាំយកភ្ញៀវទេសចរពីតំបន់អឺរ៉ុបមកទស្សនាកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ កោះដ៏ស្រស់ត្រកាល និងស្វែងយល់ពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីក្រសួងទេសចរណ៍ នៅលើបណ្តាញសង្គមផ្លូវការ។
ដើម្បីធានាឱ្យការតភ្ជាប់ផ្លូវអាកាសថ្មីនេះទទួលបានជោគជ័យ និងទាក់ទាញភ្ញៀវទេសចរអឺរ៉ុបឱ្យបានកាន់តែច្រើន ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនទេសចរណ៍អន្តរជាតិធំៗ រួមមាន ក្រុមហ៊ុន EXIM Tours និងក្រុមហ៊ុន CK FISCHER ដែលជាបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុនទេសចរណ៍លំដាប់អន្តរជាតិ DER Touristik Group ក្នុងការពង្រីកយុទ្ធនាការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខគេនៅលើទីផ្សារអឺរ៉ុប៕


