ក្រសួងការងារ ចាប់ដៃសមាគម JCA បណ្តុះបណ្តាលជំនាញស្ដង់ដារជប៉ុន និងទាក់ទាញវិនិយោគទៅខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកឱកាសវិនិយោគរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើការធានាគុណភាពបណ្តុះបណ្តាលតាមស្តង់ដារជប៉ុន ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេសក្រចក ការបង្កើតមជ្ឈមណ្ឌលព្យាបាលតាមបែបជូដូ និងចាក់ម្ជុលវិទ្យាសាស្ត្រ ការរៀបចំប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកថែទាំមនុស្សចាស់ ព្រមទាំងការសម្របសម្រួលទិដ្ឋាការ និងអន្តោប្រវេសន៍តាមរយៈក្រុមហ៊ុន Libertas Administrative Scrivener Corporation។ លោករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងនេះ និងបានលើកទឹកចិត្តឱ្យទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនធំៗ មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានណែនាំឱ្យមានការរៀបចំកម្មវិធីបណ្តុះបណ្តាលច្បាស់លាស់ ដោយផ្តល់ឱកាសឱ្យសិក្ខាកាមកម្ពុជាបានចុះអនុវត្តការងារផ្ទាល់នៅក្នុងអាជីវកម្មជប៉ុន ដើម្បីក្រេបជញ្ជក់បទពិសោធមុននឹងចេញទៅបំពេញការងារនៅប្រទេសជប៉ុន។ ជាការឆ្លើយតប ប្រធានសមាគម JCA បានថ្លែងអំណរគុណ និងបានប្តេជ្ញាចិត្តប្រែក្លាយលទ្ធផលនៃកិច្ចពិភាក្សានេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង និងកិច្ចសហប្រតិបត្តិការធុរកិច្ចយូរអង្វែង ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕