កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​

សង្គម​ និង​សេដ្ឋកិច្ច

កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីរវ៉ាន់ដា បានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលនៃការស្ដារ និងកសាងសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ខណៈដែលរវ៉ាន់ដា ក៏ធ្លាប់​ឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ប្រហាក់ប្រហែលគ្នានេះដែរ។ ផ្អែកលើចំណងការទូតទ្វេភាគីជាងពីរទសវត្សរ៍កន្លងមកនេះ, លោកប្រធានាធិបតី បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់លោក និងគណៈប្រតិភូនាពេលនេះ នឹងក្លាយជាចលករជំរុញទំនាក់ទំនងទ្វេភាគី រវ៉ាន់ដា​-កម្ពុជា​ ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ, លោកប្រធានាធិបតី ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ, ជាពិសេស លើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចធិបតី និងលោកប្រធានាធិបតី​ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី, តំបន់ និងសកល។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបន្តស្វែងយល់ពីកាលានុវត្តភាពលើវិស័យសក្តានុពល និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺរវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ស្របពេលដែលកម្ពុជានឹងក្លាយ​ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី។ ដោយឡែក, ក្នុងក្របខ័ណ្ឌតំបន់ និងសកល, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ព្រមទាំងបន្តជំរុញយន្តការពហុភាគីនិយម តាមរយៈអង្គការសហប្រជាជាតិ (UN) ចលនាមិនចូលបក្សសម្ព័ន្ធ និងមហាគ្រួសារហ្វ្រង់កូហ្វូនី ដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅនាំមកនូវសន្តិភាព,​​ ស្ថេរភាព និង វិបុលភាពរួម។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងលោកប្រធានាធិបតី ក៏បានចូលរួមជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន​ ៣​ រួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។
២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។
៣. កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស៕