កម្ពុជា ស្នើរុស្ស៊ីទាក់ទាញអ្នកទេសចរ និងជួយជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ

សង្គម​ និង​សេដ្ឋកិច្ច

សភាកម្ពុជា-រុស្ស៊ី ថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរប្រទេសស្របពេល ចំណងការទូតប្រទេសទំាងពីរ បានឈានដល់ខួប ៧០ឆ្នាំ។ទន្ទឹមគ្នានេះ សភាកម្ពុជា ក៏ស្នើរុស្ស៊ីទាក់ទាញអ្នកទេសចរ និងជួយជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការសភាដែលតំណាងឱ្យប្រជាជននេះ បានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក អាន់ដ្រេ កេលីន (Andrey Kelin) សមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធទទួលបន្ទុកកិច្ចការបរទេស នៃសហព័ន្ធរុស្ស៊ី នៅក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅក្នុងប្រទេសហ្វីលីពីន។

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើរុស្ស៊ីបន្តគាំទ្រកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស រួមមាន ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវគ្គខ្លី និងបានស្នើភាគីរុស្ស៊ី ទាក់ទាញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជាឱ្យបានច្រើន ព្រមទំាងការជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរផងដែរ។

ជាមួយគ្នានេះ លោក អាន់ដ្រេ កេលីន បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូលោកបានជួបពិភាក្សានាឱកាសនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីកម្ពុជា ក៏ដូចជាអាយប៉ាទាំងមូល ដែលជាវេទិកាដ៏មានសារៈសំខាន់ដើម្បីផលប្រយោជន៍ពលរដ្ឋ។ រុស្ស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាយប៉ាឱ្យកាន់តែសកម្មឡើង។

សូមជម្រាបដែរថា ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងរុស្ស៊ី ភាគីរុស្ស៊ី ក៏បានយល់ស្របតាមការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថាសភាប្រទេសទាំងពីរត្រូវតែជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅបន្ថែម។ លោកបានបញ្ជាក់ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរនេះ រុស្ស៊ីបានកំពុងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការអញ្ជើញបំពេញទស្សនកិច្ចនៅរុស្ស៊ីក្នុងឆ្នាំ២០២៧ ខាងមុខនេះ) ដែលប្រទេសរុស្ស៊ីរៀបចំធ្វើនៅក្នុងឆ្នាំក្រោយនោះដែរ៕ អត្ថបទ៖ហ្សាលីន