អង្គការអន្តរជាតិ៖ ព្រៃឈើក្នុងដែនជម្រកសត្វព្រៃប្រមាណ ៦ពាន់ហិចតាត្រូវបានកាប់បំផ្លាញនៅឆ្នាំ២០២១

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងឆ្នាំ២០២១ ព្រៃឈើប្រមាណ ៦,២៧១ ហិកតា ត្រូវបានកាប់បំផ្លាញ នៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ គឺ ដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ។ នេះបើតាម​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃសុក្រ ទី២៨ ខែមករាម្សិលមិញ ​បានចេញរបាយការណ៍ថ្មីមួយក្រោម​ចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យអន្តរាយដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាព៖ Amnesty International

អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងថា ដោយ​ពឹងផ្អែក​លើ​ទិន្នន័យបានមកពី​បទសម្ភាសន៍​ជាមួយសកម្មជនការពារព្រៃ​​ក្នុងសហគមន៍ក្នុងតំបន់ ​ចំនួន ​២០រូប បានគូសបញ្ជាក់ថា សកម្មភាព​កាប់បំផ្លាញព្រៃឈើយ៉ាងច្រើនសម្បើមនេះ មិនត្រឹមតែបានបំផ្លាញដល់ជីវចម្រុះនិងអាកាសធាតុនោះទេ តែវាកំពុងបំផ្លាញ​វប្បធម៌ និងសិទ្ធិរបស់ជនជាតិដើមភាគតិច​កួយផងដែរ​។

នៅក្នុងរបាយការណ៍ដដែលនេះ ក៏​បានចោទ​ប្រកាន់​ចំៗទៅលើអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសរបស់មន្ត្រីក្រសួងបរិស្ថានថា មិនបានអើ​ពើនឹងការរាយការណ៍បទល្មើសពីប្រជាពលរដ្ឋ និងថា ពេលខ្លះ​ មន្ត្រីក្រសួងបរិស្ថាន​ទាំងនោះ បានចុះទៅ​ស៊ើបអង្កេត ប៉ុន្តែ​​គ្រាន់តែ​ស៊ើបអង្កេត​ដើម្បី​ទទួលលុយក្រោមតុ​ពី​ជនល្មើសតែប៉ុណ្ណោះ។

ឆ្លើយតបនឹងបញ្ហារបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានហៅរបាយការណ៍ថ្មីនេះថា ជារបាយការណ៍ចោទប្រកាន់ គ្មានមូលដ្ឋាន និងបែបភូតកុហកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។

លោក នេត្រ ភក្រ្តា បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រសួងស្វាគមន៍និងបើកការស៊ើបអង្កេតបន្ថែមទៀត ប្រសិនបើមានភស្តុតាងច្បាស់លាស់ពីអង្គការ Amnestyនោះ។ ប៉ុន្តែបើត្រឹមលើកឡើងបែបអនាមិក នោះបង្ហាញថា អង្គការ Amnesty គ្រាន់តែជាអង្គការប្រឌិតរបាយការណ៍ឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងសងសឹកជំនួសឱ្យបក្ខពួកខ្លួនដែលកំពុងតែបំពានច្បាប់ និងធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងកម្ពុជាជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិតែប៉ុណ្ណោះ។

បើតាម​របាយការណ៍​ស្តី​ពី«ស្ថានភាព​បរិស្ថាន​លើក​ទី​៤​ និង​សៀវភៅ​ធនធាន​គម្រប​ព្រៃ​ឈើ​កម្ពុជា​ឆ្នាំ​២០១៨»​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​២៣ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លងទៅ​ ក្នុងឆ្នាំ​១៩៦៥​ ព្រៃឈើ​លាត​សន្ធឹង​លើ​ផ្ទៃដី​៧៣%​នៃផ្ទៃ​ប្រទេស​ ប៉ុន្តែ​ត្រឹម​ឆ្នាំ​២០១៨​ ព្រៃ​ឈើ​បាន​រួម​មក​នៅ​តិច​ជាង​៤៧%។ ហើយ​ចាប់​ពី​ឆ្នាំ​២០១៤​មក ការ​បាត់​បង់​គម្រប​ព្រៃ​ឈើ​ ពុំ​សូវ​មាន​ភាព​ធ្ងន់​ធ្ងរ ប៉ុន្តែ​នៅ​កើត​មាន​ក្នុង​កម្រិត​មួយ​ថេរ។

កំណើនប្រជាជន​ និង​តម្រូវការ​ប្រើប្រាស់​ដី ដើម្បី​ធ្វើ​កសិកម្ម​ និង​ការ​សាងសង់​ផ្ទះសម្បែង​ បាន​កាត់​បន្ថយគម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា​ ដែល​គិត​ចាប់​តាំង​ពីឆ្នាំ២០១៨​មក​ ផ្ទៃ​ដី​ព្រៃ​ឈើ​នៅ​កម្ពុជានៅ​មាន​ប្រមាណ​តែជាង​៨,៥លានហិកតា​ ស្មើនឹង​៤៦,៨៦% ​ធៀបនឹងផ្ទៃ​ដី​សរុប​ទូទាំង​ប្រទេស​។ គម្រប​ព្រៃឈើ​ដែល​នៅ​សេស​សល់​ រួម​បញ្ចូល​ទាំង​ផ្ទៃ​ដីចម្ការកៅ​ស៊ូ​ ចម្ការ​ដូង​ប្រេង​ និង​ដំណាំ​ហូប​ផ្លែ​ដទៃ​ទៀត។ នេះ​បើ​តាម​របាយ​ការណ៍​ចុង​ក្រោយ​មួយ​របស់​ក្រសួង​បរិស្ថាន៕