រដ្ឋមន្រ្តីក្រសួង​សាធារណការ​ ជំរុញ​ក្រុម​ហ៊ុន​ដឹកជញ្ជូន​អាហារ​ ប្រើប្រាស់​​យានយន្ត​ដើរ​ដោយ​អគ្គិសនី

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារណកា​រនឹង​ដឹក​ជញ្ជូន បានណែនាំឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងពិភាក្សាជាមួយក្រុមហ៊ុន​សេវាដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda និង NHAM24 ជាដើម ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន សំដៅឆ្លើយតបទៅនឹងគម្រោងផែនការ និងគោលនយោបាយដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​រដ្ឋមន្រ្តី​បានលើកឡើង​​បែប​នេះ​ក្នុង​ពេល​ក្រសួង​ កំពុង​សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​(UNDP)​ប្រចាំនៅកម្ពុជា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងគោលនយោបាយដឹកជញ្ជូន ប្រកបដោយចីរភាពសំដៅកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង ទំនាក់ទំនង និងកិច្ចសហការល្អបន្ថែមទៀត ធ្វើយ៉ាងណា​​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​ដោយ​ថាមពល​អគ្គិសនី​ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ការបំពុល​បរិស្ថាន។

លោក​រដ្ឋមន្រ្តីបាន​លើក​អំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដែលមានការគិតគូអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយ​ផល​ប៉ះពាល់អវិជ្ជមានពីការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។

បើ​តាមលោក​រដ្ឋមន្រ្តី ក្រសួងក៏​​គ្រោងនឹង​​ជួបពិភាក្សាជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈទាក់ទងនឹងការដំឡើងស្ថានីយ៍សាកថ្មរថយន្ត EVs ដែលក្នុងនោះរួមមាន៖ ស្ថានីយសាំងតូតាល់ កាល់តិច សូគីមិច និងតេលាជាដើម៕