ឆ្នាំ២០២១ក្នុងវិបត្តិកូវីដ-១៩ វិស័យជាច្រើននៅកម្ពុជាបន្តកើនឡើងនៃការនាំចេញ ខណៈអង្ករថយចុះប្រមាណ ៨១.១ លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ទោះបីពិភពលោក នៅឆ្នាំ២០២១ ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងវិបត្តិកូវីដ-១៩ ២ឆ្នាំកន្លងទៅនេះក្តី ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាបន្តកើនឡើងនៃការនាំចេញទៅក្រៅប្រទេស បានសរុបចំនួនប្រមាណ ២១០,៥៣៦លានដុល្លារអាមេរិក។ នេះបើតាមអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១ នៅថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥.២% ទន្ទឹមនឹងនោះ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា៖ គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ស្បែកសត្វកែច្នៃ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន ៤,៥៤២.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៣៩២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៤.២%។

ដោយឡែក ការនាំចេញកសិផល មានចំនួន ២,៨១៧.៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៩៨.៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩.៥% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៨២៦.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៦០.៣ លានដុល្លារអាមេរិក ស្មើនឹង ៧៧.៣%។

ទោះជាបែបនេះក្តី ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២១ សម្រេចបានត្រឹមតែ ៤២៤.៩ លានដុល្លារអាមេរិកប៉ុណ្ណោះ ចំនួននេះគឺថយចុះប្រមាណ ៨១.១ លានដុល្លារអាមេរិក ស្មើនឹង ១៦.០% ខណៈ កៅស៊ូនាំចេញមានតម្លៃ ៣៩៩.៣ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២៥.៧ លានដុល្លារអាមេរិក ស្មើនឹង ៤៥.៩% និងកសិផលផ្សេងទៀតមានតម្លៃ ៦៥៣.៧ លានដុល្លារអាមេរិក កើនឡើង ២៦៥.៣ លានដុល្លារអាមេរិក ស្មើនឹង៦៨.៣%។

របាយការណ៍ពីលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល ស្មើនឹងប្រមាណ ២,២៩៥.២ ដុល្លារអាមេរិក ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១៕