មន្ទីរពេទ្យជាតិតេជោសន្ដិភាព សាងសង់សម្រេចបានជាង៨០% គ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ គិតមកដល់ពេលនេះសម្រេចបានជាង៨០%ហើយ ខណៈគ្រោងនឹងសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣ ខណៈបច្ចុប្បន្នសម្រេចបានជាង៨០ភាគរយហើយ។ សម្តេចបន្តថា«មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស  និងមានសមត្ថភាពទទួលព្យាបាលអ្នកជំងឺរហូតជិត១ម៉ឺនគ្រែឯណោះ។

ជាងនេះទៀត សម្តេចបញ្ជាក់ដែរថា ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំមន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។

គួរបញ្ជាក់ដែរថា អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦ គ្រែ,អគារបច្ចេកទេស(T1),អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ត្រូវបានស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ គឺត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទ៖ ពិសី