សម្ដេចតេជោ ហ៊ុន សែន៖ រុស្សុីអាចនឹងផុងខ្លួននៅក្នុងទឹកដីអ៊ុយក្រែន ប្រសិនត្រូវទុកកងទ័ពរយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា កងទ័ពរុស្ស៉ីមិនអាចផ្តួលរំលំអ៊ុយក្រែន តាមរយៈកម្លាំងយោធាបានទេ ឯអ៊ុយក្រែនក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្រ្កាមបញ្ចប់សង្រ្គាមបានទេ ច្រកចេញតែមួយគត់គឺការចរចាដោយសន្តិវិធី។ នេះបើតាមតាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fresh News របស់ប្រមុខរាជរដ្ឋាភិបាល នារសៀលថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ។

ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីស្ថានការណ៍សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែក្តៅឡើងៗគិតមកដល់ពេលនេះមានរយៈពេល៤ថ្ងៃហើយ ដែលកងទ័ពរបស់រុស្ស៉ី បានវាយចូលកាន់កាប់ ទីក្រុងធំៗ និងតំបន់ជាច្រើននៅក្នុងទឹកដីរបស់អ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមទស្សនៈផ្ទាល់របស់ខ្ញុំ កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែនក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្រ្កាមបញ្ចប់សង្រ្គាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី។

សម្តេចបន្តថា ការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងអ៊ុយក្រែន និងរុស្ស៉ី រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងយោធារបស់រុស្ស៉ីសម្លាប់យោធារបស់អ៊ុយក្រែន មិនដល់១០០០នាក់នោះទេ បើទោះបីចូលកាន់កាប់ទីក្រុងមួយចំនួនក៏ដោយ តើត្រូវការរយៈពេលប៉ុន្មានថ្ងៃ និងកងទ័ពច្រើនប៉ុន្មានណា ទើបអាចឈ្នះសង្រ្គាម ឬបញ្ចប់សង្រ្គាមនេះ ប្រហែលជាមិនអាចនោះទេ បើទោះបីរុស្ស៉ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូល និងប្រធានាធិបតីត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួនតើប្រជាជនរបស់គេ (អ៊ុយក្រែន) សុខចិត្តនៅស្ងៀមទេ ប្រជាជនអាចនឹងក្រោកឡើងតស៊ូ ដើម្បីប្រទេសរបស់ពួកគេ ចូលក្រឡេកមើលប្រទេសមួយចំនួនដូចជា អ៉ីរ៉ាក់ ស៊ីរី លីប៊ី តើរហូតមកដល់ពេលនេះបានបញ្ចប់សង្រ្គាម ទទួលបានសន្តិភាពហើយឬនៅ?

យ៉ាងណាមិញ សម្តេចគូសបញ្ជាក់ថា រុស្ស៉ី អាចនឹងផុងខ្លួននៅក្នុងទឹកដីរបស់អ៊ុយក្រែន ប្រសិនរុស្ស៉ីត្រូវទុកកងទ័ពរយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន ដែលមានជាបទពិសោធន៍រួចហើយសម្រាប់កងទ័ពសូវៀត នៅអាហ្វហ្គានីស្ថាននាទសវត្សរ៍១៩៨០ និងកងទ័ពអាមេរិកនិងណាតូ នៅអាហ្វហ្គានីស្ថានក្នុងសតវត្សទី២១។ កិច្ចការសំខាន់បំផុតនៅចំពោះមុខនោះ គឺការចរចាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។ ដូចដែលខ្ញុំធ្លាប់លើកឡើងជាច្រើនដងរួចហើយថា ខ្ញុំគ្មានជំនឿថាយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។

សម្តេចសង្កត់ធ្ងត់ថា ទីកន្លែង និងពេលវេលាចរចាមិនគួរក្លាយជាឧបសគ្គសម្រាប់ការចចារនោះឡើយ ព្រោះវានាំដល់ពន្យាការឈឺចាប់សម្រាប់ប្រជាជនដែលពេលនេះកំពុងរត់ភៀសខ្លួន និងជ្រកក្រោមជំរកសុវត្ថិភាពគួរឱយអាណិត។

បើតាមសម្តេចនាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសន្តិភាពពេញលេញដូចសព្វថ្ងៃ ប្រជាជនរស់នៅសុខសាន្តពោរពេញដោយសេចក្តីសុខ ក៏ដោយសារចរចារដោយសន្តិភាព ជាមួយនឹងនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៨ បើមិនមានការចរចាសន្តិវិធីរកសន្តិភាពនោះទេ ប្រហែលជាពេលនេះកម្ពុជាអាចនឹងកំពុងស្ថិតនៅក្នុងសង្រ្គាមក៏អាចថាបានដែរ ហើយនៅពេលនេះខ្ញុំ
ក៏សូមអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព