មកដល់កម្ពុជាប្រមាណ ១០ម៉ោង មុនចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក លោក បៃដិន ជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

ដំណើរ​មក​ដល់​របស់​លោក​ប្រធានាធិបតី​ទី​៤៦ របស់​អាមេរិក ​​បាន​​ធ្វើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​បិទ​ចរាចរណ៍​ទាំង​ស្រុង ​​នៅ​លើ​កំណត់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​​​ចាប់ពី​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​សណ្ឋាគារលំដាប់ផ្កាយ ៥ មួយកន្លែង ​​តាំង​ពី​ម៉ោង​ ៨:០០​នាទី​ព្រឹក ដល់​​ម៉ោង​ ០៩:៣០​នាទីព្រឹក ដើម្បីការពារសុវត្ថិភាព និងក្បួនធ្វើដំណើរ​របស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្មានម៉ោងក្រោយចុះពីលើយន្តហោះ ជិះរថយន្តប្រណិតការពារគ្រប់ឧបសគ្គ ចេញពីព្រលានយន្តហោះ ចូលសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) ​ដែល​ជា​កន្លែង​សម្រាក​ស្នាក់នៅ​​ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លៀតជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និង កំពូលអាស៊ាន-អាស៊ីបូព៌ា។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំប្រទេសអាស៊ាន ប៉ុន្តែប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។ ជាមួយគ្នានេះ លោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។

គិតត្រឹមឆ្នាំ២០២២ ទំនាក់ទំនងអាស៊ាន និងអាមេរិក មានរយៈពេល ៤៥ឆ្នាំហើយ។ សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង ១២.១ពាន់លានដុល្លារដល់សម្ព័ន្ធមិត្ត និងដៃគូនៅអាស៉ីអាគ្នេយ៍ រួមទាំងសមាជិកអាស៊ានផងដែរ ចាប់តាំងពីឆ្នាំ២០០២មក។ ក្នុងរយៈពេលដូចគ្នានោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាង ១.៤ពាន់លានដុល្លារ រួមទាំងជំនួយគ្រោះមហន្តរាយសង្គ្រោះជីវិត ជំនួយស្បៀងសង្គ្រោះបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនទូទាំងតំបន់។

ទន្ទឹមនឹងនោះ​ សហរដ្ឋ​អាមេរិក និង​អាស៊ាន ​ទទួល​បាន​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ។ អាស៊ានតំណាងឱ្យទីផ្សារធំជាងគេទី៤ របស់ពិភពលោក ហើយសហរដ្ឋអាមេរិក គឺជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈដែលពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ មានក្រុមហ៊ុនអាមេរិកជាង ៦,២០០ប្រតិបត្តិការក្នុងអាស៊ាន ហើយនៅឆ្នាំ២០២០ អ្នកដំណើរអាមេរិកចំនួន ៦៣០,០០០នាក់ បានចំណាយប្រាក់ចាយវាយច្រើនជាង ១.៣ពាន់លានដុល្លារ នៅអាស៉ីអាគ្នេយ៍៕