កម្ពុជានិងតួកគី ចុះហត្ថលេខាមិនយកពន្ធត្រួតគ្នា​ និងការបង្ការការកិប​កេង​បន្លំ​ពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគី បានចុះកិច្ចព្រមព្រៀង ជាមួយគ្នា​ស្តីពីការចៀស​វាងការ​យកពន្ធត្រួតគ្នា​ និងការបង្ការការកិប​កេង​បន្លំ​ពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមយោងសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ​ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមរាជរដ្ឋា​ភិបាល​កម្ពុជា និងឯកឧត្តម ម៉េវ លុត ឆាវូសអ៊កលូ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគី​ក្នុងនាម​រាជរដ្ឋា​ភិបាលតួកគី។

អគ្គនាយកដ្ឋានពន្ធដារ បានអោយដឹងទៀតថា តួកគី គឺជាដៃគូ DTA ទី១ដែល កម្ពុជា​មានជា​មួយប្រទេសនៅតំបន់អឺរ៉ុប និងក៏ជាសមាជិក G20 ទី៤ ដែលកម្ពុជាមាន DTA ជាមួយផងដែរ។

កិច្ចព្រម​ព្រៀងនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោម សមិទ្ធផល​សំខាន់ៗជា​ច្រើនដែល​រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ព្រម​ទាំងការចង្អុល បង្ហាញដោយផ្ទាល់ និងជាប្រចាំរបស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុ​នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខាលើ DTA ចំនួន ១១ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ រួចហើយគឺ៖ កម្ពុជា-សិង្ហបុរីកម្ពុជា-ថៃ, កម្ពុជា-ចិន, កម្ពុជា-វៀតណាម, កម្ពុជា-តំបន់រដ្ឋបាលពិសេសហុងកុង កម្ពុជា ព្រុយណេកម្ពុជា-ឥណ្ឌូណេស៊ី, កម្ពុជា-ម៉ាឡេស៊ី, កម្ពុជា សាធារណរដ្ឋកូរ៉េ កម្ពុជា-តំបន់រដ្ឋបាលពិសេសម៉ាកាវ និង កម្ពុជា-តួកគី ដែលទើបនឹងបានចុះហត្ថលេខានាពេលនេះ។

ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងធ្វើការចរចា DTA ជាមួយប្រទេស ដៃគូមួយចំនួនដូចជា ហ្វីលីពីន ជប៉ុន ឡាវ និងអេមីរ៉ាតអារ៉ាប់រួមជាដើម៕