សម្តេច ស ខេង ស្នើឲ្យស្ថាប័នតុលាការត្រូវផ្តល់នូវយុត្តិធម៌ប្រកបដោយភាពត្រឹមត្រូវតម្លាភាព

សង្គម​និង​សេដ្ឋកិច្ច

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី៧ ខែមេសានេះ បានលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធមិនត្រូវលើកលែង យោគយល់ និងអនុគ្រោះដល់អ្នកដែលប្រព្រឹត្តបទល្មើសនោះទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះជាបែបនេះក្តី សម្តេចក្រឡាហោមក៏បានលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស ត្រូវធ្វើការប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយមិនត្រូវលើកលែង យោគយល់ និងអនុគ្រោះ ដល់អ្នកដែលប្រព្រឹត្តបទល្មើសនោះទេ ហេតុដូច្នេះហើយការឃាត់ខ្លួនជនសង្ស័យគឺត្រូវតែ បន្តការខិតខំបន្តទៀតទៅតាមបរិមាណបទល្មើសដែលកើតមានឡើង។

បើតាមសម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា៖ “ចំពោះស្ថាប័នតុលាការ ត្រូវផ្តល់នូវយុត្តិធម៌ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាពដើម្បីធានា និងលើកកម្ពស់ការការពារការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែល្អប្រសើរថែមទៀត”។

ជាមួយគ្នានេះដែរ សម្រាប់ការផ្តល់សេវាជួយជនរងគ្រោះ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដោយត្រូវចូលរួមសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិក្នុងការជួយលើកកម្ពស់ គាំទ្រ និងការពារដល់ជនរងគ្រោះ។ សម្តេចបន្ថែម។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានជំរុញដល់ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធដែលស្ថិតនៅក្រោមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស(គ.ជ.ប.ជ) ត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែសកម្ម និងជិតស្និតបន្ថែមទៀត ដែលបែងចែកមុខងារទៅតាមជំនាញដើម្បីធ្វើឱ្យកិច្ចការងារទាំងនោះឱ្យទទួលបានជោគជ័យ ។

ទន្ទឹមនឹងនោះសម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ កុំប្រថុយប្រថាននឹងគ្រោះថ្នាក់ ដោយព្យាយាមឆ្លងដែនចាកចេញតាមមធ្យោបាយលួចលាក់ខុសច្បាប់ និងប្រកបដោយភាពប្រឈមនឹងគ្រោះថ្នាក់ ដែលនឹងធ្វើឱ្យមានគ្រោះថ្នាក់ និងការខាតបង់កាន់តែធ្ងន់ធ្ងរ៕