សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាប្រែក្លាយកំពង់ផែព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាថា នឹងបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែព្រះសីហនុឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅប្រែក្លាយកំពង់ផែនេះ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់អាស៊ីនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។

នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត និងត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិ។

យ៉ាងណាមិញ សម្តេចធិបតីបានថា៖« កំពង់ផែរបស់កម្ពុជា កន្លងមកមាននាវាប្រមាណ ១៨% ប៉ុណ្ណោះ អាចចូលចតនៅកម្ពុជា។ ក្រៅពីនេះ ត្រូវផ្ទេរនៅតាមកំពង់ផែប្រទេសជិតខាង ដោយសារផែរបស់យើងនៅរាក់»។

សម្តេចធិបតី បានបន្តថា៖« វិស័យកំពង់ផែ គឺជាវិស័យមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល នឹងបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត ហេតុដូច្នេះយើងត្រូវធ្វើផែទឹកជ្រៅ ដើម្បីកុំពឹងដង្ហើមគេដក»។

ជាថ្មីម្តងទៀត សម្តេចធិបតី បានអះអាងទៀតថា សម្រាប់ចក្ខុវិស័យឆ្នាំ២០៥០ រាជរដ្ឋាភិបាល មិនត្រឹមប្រែក្លាយកំពង់ផែព្រះសីហនុទៅជាផែទឹកជ្រៅប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាល ក៏នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់តែម្តងផងដែរ។

ជាថ្មីម្តងទៀត សម្តេចធិបតី បានបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹងពង្រីកសមត្ថភាពបន្ថែមទៀត តាមរយៈគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ រួមជាមួយនឹងគម្រោងបំពាក់ ឧបករណ៍បច្ចេកទេសទំនើបៗផ្សេងៗ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់កំពង់ផែឱ្យកាន់តែមាន ប្រសិទ្ធភាពប្រកបដោយស្តង់ដារខ្ពស់៕ អត្ថបទ៖ រង្សី