កម្ពុជា នឹងផ្តល់ជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងជូនប្រទេសឡាវ

សង្គម​និង​សេដ្ឋកិច្ច

ជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នឹងនាំយកទៅប្រគល់ជូនរដ្ឋាភិបាលនិង ប្រជាជនឡាវ នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័ក ប្រទេសឡាវ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអោយដឹងថា ការសម្រេច ផ្ដល់រថយន្តដឹកវ៉ាក់សាំងជូនប្រទេសឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយ បេះដូងដ៏ល្អប្រពៃពិតប្រាកដ ក្នុងន័យ “កម្ពុជាជាប្រទេសតូចតាចតែមានបេះដូងជំទូលាយ ហើយកម្ពុជាក៏តែងតែបាន និងកំពុងធ្វើដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង ប្រទេស និងនៅក្នុងតំបន់។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក៏រំពឹងថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀតជូនដល់ ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូរីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

គួររំម្លឹកថា នេះមិនមែនជាជំនួយដោះស្រាយវិបត្តិជំងឺកូរីដ-១៩ លើកទី១នោះទេ ដែលរដ្ឋាភិបាលកម្ពុជា ជូនដល់រដ្ឋាភិបាលឡាវ ។ កន្លងមកកម្ពុជា ក៏ធ្លាប់ផ្តល់ជូនប្រទេសឡាវ មានជា ម៉ាស សម្ភារៈបរិក្ខារពេទ្យ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។

ក្រៅពីប្រទេសឡាវ គិតមកទល់ពេលនេះ កម្ពុជាធ្លាប់បានផ្តល់អំណោយមនុស្សធម៌ មានជាម៉ាស សម្ភារៈបរិក្ខារពេទ្យ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម ទៅអោយប្រទេសមួយចំនួនទៀត រួមមាន ប្រទេសទីម័រខាងកើត មីយ៉ាន់ម៉ា វៀតណាម នេប៉ាល់ និងចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា នៅក្នុងពិធីប្រគល់រថយន្តទាំង១០គ្រឿងនាថ្ងៃទី១២ ខែមិនា ខាងមុខនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងនាំយកជំនួយរថយន្តដឹកវ៉ាប្រគល់ជូនប្រទេសឡាវ។