ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រតិបត្តិករ៣​សំខាន់​​ដែលធ្វើឲ្យ​កម្ពុជា​ ជោគ​ជ័យ​​​លើ​​សង្គ្រា​ម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩

សង្គម​និង​សេដ្ឋកិច្ច

ភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន គឺកើតមានទ្បើង​ដោយ​​សារប្រតិបត្តិករ ចំនួន០៣ សំខាន់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឧត្តម​សេ​នី​​យ៍​​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើង​គោក ក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុង​វត្ត​កង​ត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមឯកឧត្តម ឧត្តម​សេ​នី​​យ៍​​ឯក ហ៊ុន ម៉ាណែត ថាប្រតិបត្តិករ ចំនួន០៣ សំខាន់នោះរួមមាន

ទី១. តួអង្គ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  ដែលបានធ្វើការដឹកនាំផ្ទាល់​នូវ​យន្តកា​រជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារ​អាយុជីវិតរបស់​ប្រជាពលរដ្ឋពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ ។ សម្តេចតេជោ បានធ្វើការសម្រេ​ចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវល្អិតល្អន់ពីក្រុមការងារបច្ចេកទេស​ជំនាញ​ដែល​មានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅ​ទូទាំង​ផ្ទៃប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូច​ជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម ។

ទី២. គឺការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាង​ម៉ឺងម៉ាត់នូវគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការឧបត្ថម្ភ​គាំទ្រ​ទាំង​កម្លាំង​កាយចិត្ត ពេលវេលា និងធនធាន ចូលរួមនៅក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ។ 

និងទី៣. គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុល​ទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការការពារអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំកា​រពិតពីសំណាក់​អ្នកនយោបាយអគតិមួយចំនួនយ៉ាងណាក៏ដោយ ។

គួរបញ្ជាក់ថា វិស័យទាំងអស់ដែលត្រូវបិទនាពេលកន្លងមក ដោយសារជំងឺកូវីដ-១៩ ត្រូវ​បាន​រាជ​រដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យបើកដំណើរការឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ការ​​​បើក​​ដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ គឺតម្រូវប្រជាពលរដ្ឋទាំ​ង​អស់ម្ចាស់​​ការដោយ​ប្រុងប្រយ័ត្ន​អនុវត្តវិធានសុខាភិបាល​ជាប់និច្ច មិនអាចធ្វេស​ប្រហែល​នឹងជំងឺកូវីដ-១៩ឡើយ ពោលអនុវត្តន៍ការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ៕