ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ក្រុងសៀមរាប គ្រោងសម្ពោធជាផ្លូវការនាដើមខែមេសា ខាងមុខនេះ

សង្គម​និង​សេដ្ឋកិច្ច

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប គ្រោងនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន។ នេះបើតាមការឲ្យដឹងពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាប លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា បើទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ ដោយសារជំងឺកូវីដធ្ងន់ធ្ងរក៏ដោយ រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត។

លោកថា មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ សាងសង់ផ្លូវបាន១០០%ហើយ ខណៈគឺនៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារផ្សេងទៀត ដែលពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមវត្តមានសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

គួរបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។

លើសពីនេះ រដ្ឋក៏បន្ថែមទឹកប្រាក់ ៩លានដុល្លារអាមេរិក ដើម្បីរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥ លានដុល្លារទៀត សម្រាប់កែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង៩ គីឡូម៉ែត្រ។ ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន៕
អត្ថបទ៖ រង្សី