គិរីសួគ៍​ពង្រីក​ការ​ចែក​ចាយ​ទឹកដោះ​គោ​ស្រស់​​តាម​ផ្ទះ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Khmer Fresh Milk ដែល​អភិវឌ្ឍ​កសិដ្ឋាន​គិរី​សួគ៌ (Kirisu Farm) លើ​ការ​ចិញ្ចឹម​គោ​យកទឹកដោះ​ធំ​គ្រោង​ពង្រីក​ការ​ចែកចាយ​ផលិតផល​របស់​ខ្លួន​ដល់​អតិថិជន​​នៅ​តាម​ផ្ទះ​ ដោយ​បង្កើត​ឲ្យបាន​ចន្លោះ​ពី ២០ ទៅ ៣០ ទីតាំង​នៅ​ដំណាច់​ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោក​ជី សិលា សហស្ថាបនិក​នៃ​ក្រុមហ៊ុន Khmer Fresh Milk បាន​ប្រាប់​បណ្តាញ​ព័ត៌មានភ្នំពេញប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​ទទួល​ជោគជ័យ​ពី​ការ​ដាក់លក់​ទឹកដោះ​គោ​ស្រស់​នៅ​តាម​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ក្រុមហ៊ុនបានចាប់ផ្តើម​ពង្រីក​ការលក់​របស់ខ្លួន​ទៅតាម​ផ្ទះ​ «​គិរី​សួគ៌​ហៅស៍​» នៅ​ជាយ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត ដោយ​គ្រោង​បង្កើត​ឱ្យបាន​ចន្លោះ​ពី ២០-៣០ ទីតាំង​នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២២ នេះ​។

បើ​តាមលោក​ជី សិលា​ ចាប់ពី​ដើមឆ្នាំ​រហូតដល់​ពេលនេះ ហាង​គិរីសួគ៌​ហៅស៍ បាន​បើក​ដំណើរការ​ចំនួន ៩ ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ​។

Khmer Fresh Milk គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​បាន​បណ្តាក់ទុន​ប្រមាណ ១០ ​លាន​ដុល្លារ​លើ​កសិដ្ឋាន​គិរី​សួគ៌ (Kirisu Farm) ដើម្បី​ចិញ្ចឹម​គោ​យក​ទឹកដោះ​លើដី ៣០០ ​ហិកតា ក្នុងស្រុក​បាទី ខេត្ត​តាកែវ ដោយមាន​គោ​ផ្តល់​ទឹកដោះ​ពូជ Holstein heifers ប្រមាណ ៥០០ ​ក្បាល​មកពី​ប្រទេស​អូស្ត្រាលី​។ ក្រុមហ៊ុន​នេះ​ក៏មាន​រោងចក្រ​កែច្នៃ​ទឹកដោះគោ​ស្រស់​ផ្ទាល់ខ្លួន ដែល​បាន​បើក​ដំណើរការ​កាលពី​ខែកក្កដា ឆ្នាំ​ ២០២០ ផងដែរ​។

បើ​តាម​សហស្ថាបនិក​នៃ​ក្រុមហ៊ុន Khmer Fresh Milk លោក ជី សិលា ការចិញ្ចឹម​គោ និង​ការផលិត​ទឹកដោះគោ​របស់​ក្រុមហ៊ុន Khmer Fresh Milk កំពុងមាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន ដោយ​បច្ចុប្បន្ន​ក្នុង​កសិដ្ឋាន​គិរី​សួគ៌​មាន​គោ​ផ្តល់​ទឹកដោះ​ជិត ៧០០ ​ក្បាល ក្នុងនោះ ៥០០ ​ក្បាល​ជា​ពូជ​គោ Holstein heifers ដែល​នាំចូល​មកពី​ប្រទេស​អូស្ត្រាលី និង​ប្រមាណ ២០០ ​ក្បាល​ទៀត​ជា​កូន​គោ​ពូជ Holstein heifers កើត​នៅ​ស្រុក​ខ្មែរ​កាលពី​ឆ្នាំ​ ២០២០​។

បច្ចុប្បន្ន​កសិដ្ឋាន​គិរីសួគ៌ អាច​ប្រមូល​ទឹកដោះគោ​បាន​ប្រហែល ១២ ០០០​ លីត្រ​ក្នុង​ ១ ​ថ្ងៃ ដោយ​ក្នុងនោះ​ចំនួន​ជិត ១០ ០០០ ​លីត្រ ត្រូវបាន​ចម្រាញ់​ជា​ទឹកដោះគោ​ស្រស់​ (​មាន ៣ ប្រភេទ​) ក្រៅពីនោះ​ក៏មាន​យ៉ៅអួរ (៤ រសជាតិ​) និង​ប៊័រ​ផងដែរ​។

នៅ​កម្ពុជា​មាន​កសិដ្ឋាន​ធំៗ ចិញ្ចឹម​គោ​យក​ទឹកដោះ​ប្រមាណ ៣-៤ ​ប៉ុណ្ណោះ ដោយ​អាចមាន​សមត្ថភាព​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​ប្រហែល​ជាង ២០ ​ភាគរយ ហើយ​ក្រៅពីនោះ​គឺជា​ផលិតផល​នាំចូល​ពី​ក្រៅប្រទេស​។ ក្រៅពី Kirisu Farm នៅ​កម្ពុជា​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ធំៗ​ចំនួន ២ កន្លែង​ទៀត គឺ​កសិដ្ឋាន​ផលិត​ទឹកដោះគោ​តេជោសែន​ឫស្សីត្រឹប​ក្នុង​ខេត្តព្រះវិហារ និង​កសិដ្ឋាន Moo Moo Farms ក្នុង​ខេត្តកណ្តាល​៕