ចិន បញ្ជូនក្រុមវេជ្ជសាស្ត្រថា្នក់ជាតិដំបូងគេលើលោកមកកាន់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ជំងឺកូវីដ បានមកដល់កម្ពុជាហើយ នៅថ្ងៃទី១៦ ខែមីនា ម្សិលមិញ។ នេះបើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការមកដល់របស់ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដើម្បីទប់ស្កាត់ជំងឺកូវីដ នាពេលនេះ ត្រូវបានទទួលស្វាគមន៍ពីលោក អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា អ្នកតំណាងសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។

បើតាមស្ថានទូតចិន ក្រុមអ្នកជំនាញវេជ្ជសាស្រ្តមានសមាជិកចំនួន១២រូប ដែលត្រូវបានជ្រើសរើសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិននៃប្រទេសចិន គឺជាក្រុមវេជ្ជសាស្ត្រថា្នក់ជាតិដំបូងគេលើសកលលោកដែលភាគីចិនបានចាត់បញ្ជូនមកកាន់ក្រៅប្រទេសដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះមានអ្នកជំនាញផ្នែកជំងឺសួត ផ្នែកសរសៃឈាមបេះដូង ការចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។

យ៉ាងណាម៉ិញ ស្ថានទូតចិនបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ពួកគេនឹងរៀបចំធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបណ្ដុះបណ្ដាលផ្នែកទប់ស្កាត់ជំងឺវីរុសនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈរយៈពេល៦០ថ្ងៃដោយផ្អែកលើខ្លឹមសារដែលបានព្រមព្រៀងដោយរដ្ឋាភិបាលចិននិងកម្ពុជា ដើម្បីសហការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយនេះ៕