រដ្ឋាភិបាលជំរុញឲ្យរៀបចំដាក់ការដូរក្រលៀន ជាការព្យាបាលស្របច្បាប់នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រកាសដាក់ការដូរក្រលៀន ជាការព្យាបាលស្របច្បាប់នៅកម្ពុជា ដោយបានលើកឡើងសំអាងនូវហេតុផលបើមិនមាននៅកម្ពុជាទេ ក៏ប្រជាពលរដ្ឋត្រូវចេញទៅព្យាបាលនៅខាងក្រៅបរទេសដែរ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នៅព្រឹកថ្ងៃទី២១ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋដែលមានបញ្ហាក្រលៀន បានចេញទៅព្យាបាលនៅក្រៅប្រទេស ដូច្នេះបើទោះបីជាមិនព្យាបាលក៏ពលរដ្ឋ​ចេញទៅព្យាបាលនៅប្រទេសក្រៅដែរ ដែលគួរតែគិតគូរដាក់ការព្យាបាលនេះ ឲ្យក្លាយទៅជាការព្យាបាលស្របច្បាប់នៅប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា កន្លងមកសម្ដេចបានជួយមនុស្សមិនជាង១០នាក់ទេ ដើម្បីចេញទៅក្រៅដើម្បីព្យាបាលការដូរក្រលៀននេះ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាក់ការព្យាបាលដូរក្រលៀននេះទៅជាស្របច្បាប់តែម្ដង ហើយត្រូវផ្សព្វផ្សាយជាផ្លូវការ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង៕