អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង៨លានដុល្លារ នឹងសម្ពោធដាក់ប្រើប្រាស់ នាថ្ងៃទី២៨ មីនានេះ

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារ ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ បានសាងសង់រួចជាស្ថាពរហើយ ខណៈអគារនេះនឹងសម្ពោធដាក់ដំណើរការថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា អគារថ្មីនេះ បានសាងសង់ឡើងក្រោមជំនួយឥតសំណង ៨លានដុល្លារ របស់កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) ហើយបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០។

អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មីនេះ ត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។

ដោយឡែកទាក់ទិនការសម្ពោធមន្ទីពេទ្យនេះដែរ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងថា នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីព្រះនរោត្តម ចាប់ពី វិថីឧកញ៉ាអ៊ុងប៊ុនហ៊ូវ (ផ្លូវលេខ១០៨) ដល់វិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០) កំណាត់វិថីព្រះអង្គឌួង (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) កំណាត់វិថីក្រមួនស (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្តម កំណាត់វិថីព្រះជ័យជេដ្ឋា(ផ្លូវលេខ១១៨) ចាប់ពីវិថីប៉ាស្ទ័រ(ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) និងកំណាត់វិថីព្រៃនគរ (ផ្លូវលេខ១២៦) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្តមនោះឡើយ៕