២០ ឆ្នាំមុន​​ជា​វាលស្រែ ផ្លូវជាតិលេខ ៥១ ប្រែមុខ​មាត់ថ្មី​ ក្លាយ​ជាតំបន់រោងចក្រ ជាង ៥០​កន្លែង​កំពុងដំណើរការ​​

សង្គម​និង​សេដ្ឋកិច្ច

ផ្លូវជាតិ​លេខ ៥១ បានក្លាយ​ជា​ផ្លូវសេដ្ឋកិច្ច​ដែល​ប្រមុខ​រដ្ឋាភិបាល​បានហៅ​ថា​ជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​សំខាន់ និង​កំពុង​ប្រែក្លាយអតីត​ជា​ដីវាលស្រែ​ ក្លាយ​ជាមជ្ឍមណ្ឌល​ពាណិជ្ជកម្ម​ដោយមានរោងចក្រ​រាប់​សិប​កន្លែង​កំពុង​ដំណើរការ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​រាប់ម៉ឹននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​ផ្លូវជាតិ​លេខ​៥១ ដែល​ជាប់​ភូមិសាស្ត្រ​​គ្នា​រវាង​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ​ បាន​ក្លាយជា​តំបន់​រោងចក្រ​ឧស្សាហកម្ម សិប្បកម្ម និង គម្រោង​លំនៅដ្ឋាន​និង​ការអភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជាច្រើន​កន្លែង។

បើតាម​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ដែល​​មាន​ប្រវែង​សរុប​ជិត​៣៨​គីឡូម៉ែត្រ​ចាប់ផ្តើម​ពី​ឧដុង្គ​(​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៥)​ទៅដល់​ថ្នល់ទទឹង​(​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤)​ ​មាន​រោងចក្រ​ជាង ៥០​កន្លែង​​កំពុង​ដំណើរការ។

ក្រៅពី​រោងចក្រ​ដែល​​ប្រមូលផ្តុំ​កម្មករ​រាប់​ម៉ឺន​នាក់ ក៏​មាន​ផ្សារ​ធំ​មួយ​គឺ​ផ្សារ​បាក់​ដឹង​ រួម​ទាំង​មាន​សាលារៀន​និង​ស្ថាប័នហិរញ្ញវត្ថុ ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​កន្លែង​ទៀត។

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ផ្លូវជាតិ​លេខ ៥១ កាល​ពី​ពេល​ថ្មីៗ​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​គូស​រំលេច​ថា ​ផ្លូវជាតិ​លេខ​៥១ គឺជា​ខ្សែ​ផ្លូវដែល​ប្រទាក់ក្រឡា​គ្នា​ជាមួយ​បណ្តាញ​ខ្សែ​ផ្លូវ​សំខាន់ៗ​រួមមាន​ដូចជា​៖ ផ្លូវជាតិ​លេខ​៤, ផ្លូវជាតិ​លេខ​៥, ផ្លូវជាតិ​លេខ​៤១ និង ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៣, ផ្លូវជាតិ​លេខ​៤២ ទៅ​រាជធានី​ភ្នំពេញ​,​និង​ផ្លូវ​លេខ​១៤៤០ ទៅ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។

ផ្លូវជាតិ​​មួ​យខ្សែនេះ​ក៏​ជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១ (AH-1) នៃ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ឆ្ពោះទៅ​ច្រកព្រំដែន កម្ពុជា​-​ថៃ ​(​ប៉ោយប៉ែត​)​ និង​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១១ (AH-11) ឆ្ពោះទៅ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ ហើយ​អា​ចត​ភ្ជាប់​តាមរយៈ​ផ្លូវជាតិ​លេខ​៤១​ផ្លូវជាតិ លេខ​៣ និង​ផ្លូវជាតិ​លេខ​៣៣ ទៅកាន់​ខេត្តកំពត​និង​ខេត្ត​កែប ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរ​ដ៏​ស្រស់ត្រកាល​របស់​កម្ពុជា​។​

ដោយឡែក​គម្រោង​អភិវឌ្ឍពីរ​កំពុង​ប្រែក្លាយតំបន់​ដែល​ធ្លាប់​ស្ងាត់​ជ្រងំ​ប្រែក្លាយជា​ទីប្រជំជន​​មាន​មនុស្ស​កុះករ​តាម​រយៈ​គម្រោង​អភិវឌ្ឍ​សួន​ឧស្សាហកម្មកាណាឌីយ៉ា និង​គម្រោង​អចលនទ្រព្យខ្នាតយក្ស​​របស់ក្រុមហ៊ុន​ឡេង​ ណាវ៉ាត់ត្រា ដែល​កំពុងបោះទីតាំង​អភិវឌ្ឍ​នៅ​តំបន់​នោះ ដែលនឹងនាំលំហូរ​ការ​វិនិយោគ​ទាក់ទាញ​រោងចក្រ​សហគ្រាស​តូចធំ មក​បោះទុនវិនិយោគ​​ចូលរួម​បង្កើត​មុខរបរ​និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​​​ក្នុង​តំបន់​៕