សម្តេចតេជោ ហ៊ុន សែន ៖ រយៈពេល៩ខែ ​កម្ពុជា​ផលិត​មាស​បាន​ ២២៧៥គីឡូក្រាម

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែនៃការប្រមូល​ធនធានរ៉ែមាស កម្ពុជាផលិតមាសបានជាង ២២៧៥គីឡូក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបានថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់​ឲ្យប្រើប្រាស់​​ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ការរុករកប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជា បាននិង​​​កំពុងជួប​បញ្ហា​មិនមានលទ្ធផល ហើយកប៉ាល់ត្រូវបានគេលួចថែមទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ កម្ពុជាបានរុក​រករ៉ែមាសកំពុង​ទទួលផលបានច្រើនវិញ។

សម្តេច បានបន្ថែមថា ការប្រើប្រាស់ធនធានធម្មជាតិ របស់ប្រទេសកម្ពុជា គឺជាបម្រើប្រយោជន៍ជាតិ ខណៈ ដែលប្រទេស​ផ្សេងទៀត ក៏កំពុងប្រើធនធានធម្មជាតិជាច្រើនដូចគ្នាដែរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals បានផ្តើមដំណើរការរោងចក្រចម្រាញ់រ៉ែមាស​ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២១ ​​នៅខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជា ​ ។ តាមការអោយ​​ដឹងពី​ក្រសួងរ៉ែ និងថាមពល គឺមានក្រុមហ៊ុន រុករករ៉ែមាស​ចំនួន​ ៤បន្ថែម​ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្ម​ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុង​ប្រទេសកម្ពុជា ក្នុងឆ្នាំ​២០២២​នេះ។ ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា ដែលមានទីតាំង នៅខេត្តរតនគិរី។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញក្តី​រំពឹងថា ផលិតផល​មាស​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរខ្វាវ​នឹង​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ ១៨៥ ​លាន​ដុល្លារ ក្នុង ១ ​ឆ្នាំ​ក្នុង​នោះ​ចំណូល​ថវិកាជាតិ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេងៗ​មាន ៤០ លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ​។ ថវិកា​នេះ​នឹងត្រូវ​យក​មក​ប្រើ​ក្នុង​ចរន្ត​ថវិកាជាតិ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ ៕ អត្ថបទ៖ ពុធិកា