ក្រុមហ៊ុនអាកាសចរណ៍​ឡានម៉ីអ៊ែរឡាញ បង្កើនជើង​ហោះហើរទៅ​ទីក្រុង​បាងកក ៤ ជើងក្នុងមួយសប្តាហ៍

សង្គម​និង​សេដ្ឋកិច្ច

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ព្រលាន​យន្តហោះ​កម្ពុជាបាន​បញ្ជាក់​ថា ក្រុមហ៊ុនអាកាសចរណ៍​ឡានម៉ីអ៊ែរឡាញ បាន​បង្កើនជើងហោះហើរភ្ជាប់ពីភ្នំពេញទៅបាងកករហូតដល់ ៤ជើងក្នុងមួយសប្តាហ៍ ដោយប្រតិបត្តិការជារៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ និងថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបន្ថែម​​ជើងហោះហើរ​ស្របពេលរដ្ឋាភិបាល​ប្រទេសថៃ និងកម្ពុជា​បាន​​បន្ធូរបន្ថយវិធានការ​សុខាភិបាល​លើ​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ ដែល​ផ្តល់អត្ថប្រយោជន៍ដល់ការធ្វើដំណើររវាងប្រទេស​ទាំំងពីរ​។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង» នៅ​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​​ឲ្យ​​​លុប​​ចោល​​លក្ខ​ខណ្ឌ​តម្រូវ​ឱ្យអ្នក​ដំណើរ​មក​​ពី​បរទេសបង្ហាញលទ្ធផល​តេស្ត PCR អវិជ្ជ​មាន និង​លុប​ចោល​ការ​ធ្វើតេស្តរហ័ស​ពេលមកដល់ទឹកដី​កម្ពុជា។ ជាមួយគ្នា​នេះ ក៏​សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្ដល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ នៅ​ត្រីមាសទី១ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍អន្ដរជាតិ បាន​កើន​ឡើង​១១៤​ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ​សរុប​មាន​ចំនួន ១៥១,៦៨០នាក់ ក្នុងនោះ​តាម​ផ្លូវអាកាស​មាន​ចំនួន ៨៦,៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ)។

តាមការប៉ាន់ស្មានរបស់​ក្រសួង​ទេសចរណ៍​ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រួលដល់ការធ្វើដំណើរ ដោយ​ផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ និងសម្រេចបន្ធូរបន្ថយលក្ខន្តតម្រូវផ្នែកសុខាភិបាល៕