ចិន បន្តទិញចូលមាសសម្រាប់ស្តុកទុកជាទុនបម្រុង រយៈពេល ២០ខែជាប់ៗគ្នា

អន្តរជាតិ

ធនាគារកណ្តាលចិន បានបង្កើនទុនបម្រុងមាសរបស់ខ្លួនសម្រាប់ខែទី២០ ជាប់ៗគ្នាហើយ គិតនៅត្រឹមខែមិថុនា ដោយបានបន្ថែមមាសចំនួន ៤៨០ ០០០ អោនស៍ ឬស្មើទៅនឹង ១៤,៩៣ តោន ខណៈពេលដែលទីក្រុងប៉េកាំងបន្តធ្វើចម្រុះកម្មទ្រព្យសកម្មរបស់ខ្លួនចេញពីប្រាក់ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ធនាគារប្រជាជនចិន ការកាន់កាប់មាសរបស់ធនាគារកណ្តាលចិន បានកើនឡើងដល់ចំនួនសរុប ៧៥,៤៤ លានអោនស៍ (២ ៣៤៦ តោន) គិតនៅត្រឹមចុងខែមិថុនា ដែលជាការដើរប្រមូលទិញប្រចាំខែយូរបំផុត គិតចាប់តាំងពីឆ្នាំ២០១៥ មក។

គួរឲ្យដឹងថា ជុំវិញការដើរប្រមូលទិញមាសជាបន្តបន្ទាប់នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការធ្វើពិពិធកម្មទុនបម្រុងប្តូរប្រាក់បរទេសរបស់ខ្លួន និងកាត់បន្ថយការប៉ះពាល់ទៅនឹងទ្រព្យសកម្មដែលមានឈ្មោះជាប្រាក់អាមេរិក។ តែទោះជាយ៉ាងណាក៏ដោយ មាសនៅតែតំណាងឱ្យតិចជាង ១០% នៃផលប័ត្រទុនបម្រុងរបស់ប្រទេសចិន។ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក។

ទន្ទឹមនឹងនេះ អ្នកវិភាគបាននិយាយថា មាសបានក្លាយជារឿងសំខាន់កាន់តែខ្លាំងឡើងសម្រាប់អ្នកធ្វើគោលនយោបាយដែលស្វែងរកទ្រព្យសកម្មដែលងាយរងគ្រោះតិចជាង ចំពោះហានិភ័យនៃទណ្ឌកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពប្រែប្រួលនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាម ​​South China Morning Post៕​