OPENNET ​ដាក់​លេខ​ទូរសព្ទ​ឲ្យ​​អតិថិជន​អាច​ទាក់ទង​សួរ​នាំ​​ បើ​មាន​បញ្ហា​រអាក់រអួល ឬ​ចង់​ជាវប្រើប្រាស់​ថ្មី

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន King Technologies Co., Ltd. (OPENNET) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងដល់​អតិថិជន​ដែល​ជួបប្រទះបញ្ហារអាក់រអួល ឬមិនដំណើរការ ឬអតិថិជនមានបំណង​ចង់ជាវថ្មី ឬចង់បន្តប្រើប្រាស់សេវាអ៊ីនធឺណិត អាច​ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 015 633 999 ឬ ​អាច​ទៅទំនាក់ទំនងផ្ទាល់នៅតាមសាខារបស់ក្រុមហ៊ុនទាំង ៩ សាខា ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រុមហ៊ុន ដោយសារមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អភិបាលបណ្តោះអាសន្នបានរៀបចំយន្តការ ក្នុងការបន្តអាជីវកម្មរបស់ក្រុមហ៊ុន OPENNET ឱ្យដំណើរការប្រក្រតី និងធានាបាននូវនិរន្តភាពនៃការផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជន។

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត King Technologies ដែល​គេ​ស្គាល់​ថា Opennet ត្រូវ​បាន​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​​រក​ឃើញ​ថា ជាប់​បំណុល​រដ្ឋ​ជាង ៦ លាន​ដុល្លារ​ពី​ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។

យោងតាមក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមហ៊ុន Opennet មិនបានសងបំណុលទាំងស្រុងទេ ដោយបានបង់ត្រឹមតែ១.៣ លានដុល្លារ និងគេចវេសបង់ពន្ធដែលនៅសល់ចំនួន ៦.៦ លានដុល្លារ។

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ក្រុមហ៊ុន Kingnet Technology (Opennet) នៅតែមានកាតព្វកិច្ចសងបំណុលរបស់ខ្លួនជូនរដ្ឋ។ ក្នុងករណីដែលក្រុមហ៊ុនបន្តគេចវេសពីការសងបំណុលរដ្ឋ ក្រសួងទាំងពីរនឹងចាត់វិធានការផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុន និងអនុវត្តមាត្រា ៧៨ នៃច្បាប់ទូរគមនាគមន៍ ក៏ដូចជាវិធានការផ្សេងទៀតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕