ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យធុរជន សហគ្រិន វិនិយោគិន និងផលិតករ ដែលមានបំណង​​​ចូលរួមពិព័រណ៍ចិន-អា​ស៊ាន​​ឆ្នាំនេះ មកដាក់ពាក្យ

សង្គម​និង​សេដ្ឋកិច្ច

ដោយស្ថានភាពនៃជំងឺ កូវីដ-១៩ នៅមិនទាន់អាចព្យាករណ៍បាននៅប្រទេសចិន ការរៀបចំពិព័រណ៍ចិន-អាស៊ាន ឆ្នាំ​២០​២២​​នេះ ក្រសួងពាណិជ្ជកម្ម បានផ្តល់អាទិភាពខ្ពស់ដល់ ក្រុមហ៊ុន ឬសហគ្រាសកម្ពុជា ដែល​មានសាខា ឬ​តំណាង​ចែក​ចាយ​ផលិតផលនៅប្រទេសចិនស្រាប់ និងជំរុញ​លើកទឹកចិត្តការ​ចូល​​រួមពីចម្ងាយ​តាមរយៈការបញ្ជូន ផលិតផល និងសេវា​ទៅ​ចូល​រួម​​ដាក់តាំងបង្ហាញជូនអ្នកទស្សនា និង​ស្វែង​រក​ដៃគូពាណិជ្ជកម្ម និងវិនិយោគ ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រោយជោគជ័យ ជាបន្តបន្ទាប់លើការចូលរួម រៀបចំពិព័រណ៍ ចិន-អា​ស៊ាន​ចំនួន១៨​លើក​រួច​មក ​ពិព័រណ៍ចិន-អាស៊ានលើកទី១៩ “The 19th China-ASEAN Expo 20​22”  គ្រោងនឹងរៀបចំ​ចាប់ពី​ថ្ងៃទី​១៦-១៩ ខែ​កញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍​អន្តរជាតិ​​ នាទីក្រុង​ណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជា​​មានិត​​ចិន​តាមទម្រង់​​​​​ចូលរួម​ដោយផ្ទាល់ និង​ចូលរួមតាម​ប្រព័ន្ធអនឡាញ ។

ក្រសួងពាណិជ្ជកម្ម បានណែនាំដល់ធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមាន បំណង​​​ចូលរួម​ពិព័រណ៍​​ចិន-​អាស៊ាន លើកទី១៩ ឆ្នាំ២០២២ តាមរយៈការចូលរួមផ្ទាល់ ឬ តាមប្រព័ន្ធ អន​ឡាញ អោយមក​បំពេញបែបបទ​និងដាក់ពាក្យសុំចូលរួមឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជាកំណត់។

គួរបញ្ជាក់ថា ពិព័រណ៍​ចិន​-​អាស៊ាន ត្រូវ​បានរៀបចំ​ប្រចាំឆ្នាំ​នៅ​ទីក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជា​មា​និត​ចិន ដោយ​ចាប់ផ្តើម​រៀបចំ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៤ តាម​គំនិត​ផ្តួចផ្តើម និង​ការស្នើសុំ​ដោយលោក វិ​ន ជា​បាវ អតីត​​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​៧ ហើយ​ត្រូវ​បានទទួល​ការ​ស្វាគមន៍​ពី​បណ្តា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​។

ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ជា វេទិកា​មួយ​សម្រាប់​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនង​ការ​ទូត ទំនាក់ទំនង រវាង​ប្រជាជន និង​ប្រជាជន និង​ជា​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង អា​ស៊ាន​​​។ ពិព័រណ៍​ចិន​-​អាស៊ាន សហការ​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួង ពាណិជ្ជ​កម្ម​នៃ​បណ្តា​ប្រទេស​អាស៊ាន ទាំង​១០ និង​លេខាធិការដ្ឋាន​អាស៊ាន​ ៕