ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភ ១លានដុល្លារ ជូនសមាគម​គ្រូពេទ្យTYDA សម្រាប់​​ការងារ​មនុស្សធម៌

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភ ថវិកា១លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ដោយចែកក្នុងមួយឆ្នាំចំនួន២០ម៉ឺនដុល្លារ​​ដើម្បី​រួមចំណែកជាមួយ TYDA ក្នុង​សកម្មភាពមនុស្សធម៌ ជាពិសេស គឺសម្រាប់ការពិនិត្យ និងព្យាបាលជំងឺដោយ​ឥត​​គិត​​ថ្លៃ ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើ​អនុស្សា​រណៈ​យោគយល់រវាង​សមាគម​​គ្រូពេទ្យ​​ស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមហ៊ុនជីប ម៉ុង បានធ្វើឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅ​សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA និងអ្នក​​ឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានចុះ​ហត្ថ​លេខា​លើអនុស្សរណៈយោគយល់នេះ ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល TYDA ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់​ខ្ពស់របស់ TYDA ក៏ដូចជា​ក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបទៀត ចូលរួមជាសាក្សីក្នុងពិធីនេះផងដែរ។

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA បានមានប្រសាសន៍ថា នេះមិនមែន​ជាលើកទី​មួយទេ​ដែលក្រុមហ៊ុន ជីប ម៉ុង បានជួយឧបត្ថម្ភគាំទ្រដល់ TYDA ហើយគ្រប់​សកម្មភាព​ដែលយើង​បានធ្វើជាមួយគ្នា តែងតែទទួលបានជោគជ័យ ប្រកបដោយមោទនភាព ហើយបានផ្តល់ផល​ប្រយោជន៍​ទៅដល់ប្រជាពលរដ្ឋ និងសង្គម។

លោក ហ៊ុន ម៉ាណែត សង្ឃឹមថាក្រុមហ៊ុន ជីប ម៉ុង នឹងបន្តភាពរីកចម្រើន និងពង្រីកខ្លួនទៅក្រៅប្រទេស ទាំងក្នុងតំបន់ និង​ពិភព​​លោក ព្រមទាំងបន្តជួយក្នុងកិច្ចការងារសង្គម ដើម្បីប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ក៏បានបញ្ជាក់ដែរ​ថា ក្រុមហ៊ុន ជីប ម៉ុង មានមោទនភាពយ៉ាងក្រៃលែងចំពោះវីរភាពដ៏អង់អាច​ក្លាហានរបស់កងទ័ពអាវស ជាពិសេស​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនបាន​យល់​ច្បាស់​ពីតម្រូវការដ៏ចាំបាច់ផ្នែកសេវាសុខាភិបាលរបស់​ប្រជា​ពលរដ្ឋ។ ក្រុមហ៊ុនជឿជាក់ថា ការរួម​ចំណែកនេះអាចជួយលើកកម្ពស់សុខុមាលភាពសង្គម ក៏ដូចជាជួយ​អភិវឌ្ឍវិស័យ​សុខា​​ភិបាល​នៅ​កម្ពុជា​​​​​ឱ្យ​​កាន់​តែប្រសើរឡើង។

អ្នកឧកញ៉ា បានបន្តទៀតថា ក្រុមហ៊ុន ជីប ម៉ុង មិនត្រឹមតែអភិវឌ្ឍពាណិជ្ជកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញជាមួយនឹងវិស័យជាច្រើន ជាពិសេស​ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិ​ការនានា​ផងដែរ។

កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាលើសពី១០លាន​ដុល្លារ​អាមេរិ​ក​​​ទៅក្នុង​​កិច្ចការងារសង្គម ដោយក្នុងនោះ វិស័យចម្បងៗដែលក្រុមហ៊ុន​ផ្ដោតសំខាន់រួមមាន វិស័យអប់រំ សុខាភិបាល ទេសចរណ៍ បរិស្ថាន និង​សកម្មភា​ពសប្បុរសធម៌ជាច្រើនទៀត៕