៣០ ឆ្នាំ​នេះ ទីភ្នាក់ងារកូរ៉េ (កយកា) ​ផ្តល់​ជំនួយ​ឥត​សំណងជាង ៣០០ លាន​ដុល្លារ​ ចូលរួមអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល​ជាង ៣០ ឆ្នាំ​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បាន​ផ្តល់​ជំនួយ​រាប់​រយ​លាន​ដុល្លារ លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ដោយ​ផ្តោត​លើ​វិស័យសំខាន់ៗ​​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់ក្នុង​ការ​លើក​ស្ទួយ​​ជីវភាព​រស់នៅ​របស់ប្រជា​ពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចំាប្រទេសកម្ពុជាបាន​ឲ្យ​ដឹង​ថា ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ កយកា-KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា។ វិស័យ​អាទិភាពសំខាន់ៗរបស់​គម្រោង​ជំនួយ​ KOICA រួមមាន​ដូចជា​ វិស័យសុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថល និងបរិស្ថាន/ការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នា​នេះ លោក នោ ហ្យន់ជូន ក៏បានលើកឡើងអំពីជំហានបន្ទាប់ នៃការធ្វើការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បើរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤។

លោក​បានលើកឡើង​បន្ថែម​ថា សម្រាប់ឆ្នាំ២០២២នេះវិញ ជំនួយឥតសំណងរបស់ KOICA សម្រាប់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានចំនួនប្រហែល ២០,៧ លានដុល្លារអាមេរិក។

ជាការ​ឆ្លើយតប​ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ។ លោកបានលើកទឹកចិត្ត KOICA ឲ្យពិភាក្សាលម្អិតអំពីបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ ដើម្បើរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មី ។

លោក​ក៏​បានថ្លែងអំណរគុណចំពោះកយកា និងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ ដែលបានរួមចំណែកជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា៕