គិតត្រឹមខែឧសភានេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៣,៧០%ហើយ

សង្គម​និង​សេដ្ឋកិច្ច

វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ គិតរហូតដល់ខែឧសភានេះ សម្រេចបាន ៧៣,៧០% ហើយ ខណៈនៅសេះសល់ការងារមួយចំនួនប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការងារដែលនៅសល់គឺការដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ ការងារផ្លូវគីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ ៤+៩០០ ជាដើម។ គម្រោងនេះគ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងដែលកំពុងស្ថាបនា។

ការចុះត្រួតពិនិត្យនេះ ក៏ដើម្បីផ្តល់ធាតុចូលដល់ក្រុមការងាររៀបចំអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) បន្ថែមលើកម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) នៃអគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈបានសិក្សាស្វែងយល់ទៅលើលំហូរការងារបច្ចេកទេស ដែលកំពុងអនុវត្តលើស្រទាប់តួផ្លូវ គ្រឹះរង គ្រឹះសំខាន់ Prime Coat កម្រាលបេតុង និងសំណង់សិល្បការ្យមួយចំនួនទៀតផងដែរ។

ជាងនេះទៅទៀត ក្រុមការងារក៏បានស្វែងយល់លើការងារពិសោធន៍មួយចំនួនដែលកំពុងអនុវត្តជាក់ស្តែងក្នុងការដ្ឋានដែលក្នុងនោះរួមមាន៖ ការធ្វើពិសោធ Benkelman Beam Test ការចាក់សំណាកគំរូបេតុងសង្កត់ ការពិនិត្យលើកម្រាស់បេតុង ការកាត់តំណបេតុង និងការថែទាំបេតុងក្រោយសាងសង់រួចជាដើម៕