តម្លៃ​ទឹកស្អាត​​នៅ​រាជធានី​ភ្នំពេញ​ ថោក​ជាង​គេ​នៅ​អាស៊ី

សង្គម​និង​សេដ្ឋកិច្ច

លោក ឡុង ណារ៉ូ អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា តម្លៃ​ទឹកស្អាត​​នៅ​រាជធានី​ភ្នំពេញ​ទាប​ជាង​គេ​នៅ​តំបន់​អាស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងក្នុង​សន្នសីទ​សារព័ត៌មាន​នៅព្រឹកមិញនេះ លោក ឡុង ណារ៉ូ បាន​ឲ្យ​ដឹង​ថា តម្លៃ​ទឹក​ស្អាត​នៅរាជធានី​ភ្នំពេញ​ជា​មធ្យម ១៣៥០ ក្នុង​មួយ​ម៉ែត្រ​គូប។ បើ​ផ្អែក​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ឃើញ​ថាតម្លៃ​ទឹក​នៅ​រាជធានី​ភ្នំពេញ​គឺ​ទាប​ជាង​គេ​នៅ​តំបន់​អាស៊ី។

ជាមួយ​គ្នា​នេះ បើ​តាម​អគ្គ​នាយក​រដ្ឋការ​ទឹក​ រដ្ឋាករ​ទឹក​ក៏​បាន​ជួយ​សម្រួល​តម្លៃ​ទឹក​សម្រាប់​ពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត​លើ​ការ​ធានា​ការទទួល​បាន​ទឹកស្អាត​ប្រើប្រាស់ ដោយ​​រដ្ឋាករ​ទឹក​ចេញ​ខាត​ជំនួស។

​តម្លៃលក់ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញបែងចែក​ជា​ ៤ ប្រភេទ​។ ទី១ ​គឺអតិថិជនជីវភាព​ (អ្នកប្រើប្រាស់តាមផ្ទះ) ទី២ អតិថិជនអាជីវកម្ម ទី៣ អតិថិជនជាក្រសួង-ស្ថាប័នអង្គភាពនានា និងស្ថានទូត ទី៤ តំណាងចែកចាយបន្ទប់​ជួល។

លោក​ ឡុង ណារ៉ូ បាន​ឲ្យ​ដឹង​ថា តាម​ការ​កំណត់​​តម្លៃ​ប្រើប្រាស់​ទឹក​របស់​អតិថិជន​ប្រើប្រាស់តាមផ្ទះ ដែលមានជីវភាព​ខ្វះខាត រដ្ឋាករទឹក​បាន​កំណត់​តម្លៃ​ទាប​ជាង​ថ្លៃ​ដើម​ផលិត ធ្វើយ៉ាងណាជួយ​សម្រួលជីវភាព​របស់ពលរដ្ឋ​។

យោង​តាម​តារាង​តម្លៃ​របស់​រដ្ឋាករទឹក អតិថិជន​តាម​ផ្ទះដែល​បើ​ប្រើ​ក្រោម ៧ ម៉ែត្រគូប គិត​តម្លៃ ៤០០ រៀល ក្នុងមួយម៉ែត្រគូប ប្រើចាប់ពី ៨ ម៉ែត្រគូប ដល់ ១៥ ម៉ែត្រគូប​ តម្លៃ ៧២០ រៀល ហើយ​តម្លៃ​នឹង​ឡើង​បន្ថែមទៀត ​អាស្រ័យ​កម្រិត​​ការ​ប្រើប្រាស់ច្រើន​ជាង​នេះ៕