ក្រសួងកសិកម្មព្រួយបារម្ភពីដំណាំស្រូវរដូវវស្សាឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

នារដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានកើនឡើងលឿនជាងឆ្នាំមុនៗ ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាកសិករក្នុងការបង្កបង្កើនផលស្រូវរដូវវស្សា ជាពិសេសតាមតំបន់ទំនាបកណ្តាល ដែលបានសាបឬព្រោះស្រូវរួចរាល់ហើយនោះ ត្រូវរងផលប៉ះពាល់និងខូចខាតដោយសារទឹកជំនន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២២ ការបង្កបង្កើនផលស្រូវរដូវវស្សាអនុវត្តបានប្រមាណ៧៦២៥៤២ហិកតាស្មើនឹង២៩,១១% នៃផែនការ ២៦១៩៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ប្រមាណ៦៥០០០០ហិកតា។ ហេតុផលនេះអាចធ្វើឲ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ ហើយអាចឈានទៅដល់ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ។

តាមរបាយការណ៍ដដែលនេះ ខេត្តចំនួន០៣ មានការអនុវត្តយឺតជាងគេបើធៀបនិងឆ្នាំមុន ដែលខេត្តទាំងនោះរួមមាន៖ ខេត្តកំពង់ធំ អនុវត្តបានចំនួន ៥៩៣៤៥ហិកតា ស្មើនឹង ២៧,៨២%នៃផែនការសរុបចំនួន ១៨៩៧៣០ ហិកតា យឺតជាងឆ្នាំមុន ៩៨១២៧ហិកតា។ ចំណែកខេត្ត​តាកែវ អនុវត្តបានចំនួន ៧៨៦៩២ហិកតា ស្មើនឹង ៤៣,៧២% នៃផែនការសរុបចំនួន ១៨០០០០ហិកតា យឺតជាងឆ្នាំមុន ៨៦៦៩២ហិកតា។និង ខេត្តសៀមរាប អនុវត្តបានចំនួន ២១៤៧០ហិកតា ស្មើនឹង ១១,៣២%នៃផែនការសរុបចំនួន ២១៣៣០០ហិកតា យឺតជាងឆ្នាំមុន ៨២៩០១ហិកតា។

ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៍បានស្នើអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​  រាជធានី ខេត្ត និងអង្គភាពជំនាញទាំងអស់ ត្រូវសហការណ៍ជាមួយមន្ទីរជំនាញដែលពាក់ព័ន្ធ ដើម្បីជំរុញការបង្កបបង្កើនផលដំណាំស្រូ​​វរដូវវស្សាឲ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕