កម្ពុជា ត្រូវការថវិកាប្រមាណ៥០ពាន់លានដុល្លារ​ ដើម្បីដំណើរការគម្រោងចំនួន៣៣០

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា នឹងត្រូវការថវិកាប្រមាណ៥០ពាន់លានដុល្លារ អាមេរិក ដើម្បីរៀបចំផែនការមេភស្តុភារកម្ម ដែលរួមមាន៖គម្រោងប្រមាណ ៣៣០គម្រោង។នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការមេលើការកែសម្រួលផ្លូវថ្នល់ ការពង្រីកនិងលើកកម្រិតគុណភាពផ្លូវពីរគន្លងទៅបួនគន្លង ការបង្កើនការតភ្ជាប់ទៅគ្រប់ច្រកល្ហកសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស។

ជាមួយគ្នានេះ ឯកឧត្តមថា ចំពោះការរៀបចំផែនការមេភស្តុភារកម្មដែលរួមមានគម្រោងប្រមាណ ៣៣០គម្រោង ត្រូវការទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ រួមទាំងការរៀបចំរហដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមច្រកទ្វាព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាង សំដៅជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់មានភាពងាយស្រួល ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស កាត់បន្ថយចំណាយភស្តុភារកម្ម និងដឹកជញ្ជូន និងទាក់ទាញវិនិយោគផងដែរ។

ជាការឆ្លើយតបដែរ ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន បានកោតសរសើរការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជានាពេលប្ចុប្បន្ន។ជាមួយគ្នានេះ  ឯកឧត្តមថា រដ្ឋាភិបាលជប៉ុន នឹងបន្ត គាំទ្រកម្ពុជាឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងសាធារណការ ក៏បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតជប៉ុន ឲ្យពិចារណា លទ្ធភាពលើការចុះអនុស្សរណៈយោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឱ្យ បានច្រើនសំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕