សភាពាណិជ្ជកម្មកម្ពុជា នឹងរៀប​ចំ​​​កិច្ច​​ប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងពាន​រង្វាន់​ធុរ​​កិច្ចអាស៊ានឆ្នាំ២០២២ចុងខែនេះ

សង្គម​និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងរៀបចំពិធីប្រកាស​ជាផ្លូវការ​​ពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ និង ពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៦ ដល់ម៉ោង៨យប់ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា​ ពិធីប្រកាស​ជាផ្លូវការនេះ នឹងមានការអញ្ជើញចូលរួមពី តំណាង​​ស្ថានទូត​ប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន សភាពាណិជ្ជកម្មរា​ជ​ធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ នឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅរាជធានីភ្នំពេញ ស្របពេលនឹងកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងនោះកិច្ចប្រជុំកំពូលធុរកិច្ច​និងវិនិយោគអាស៊ាន គឺជា​ព្រឹត្តិការ​ណ៍​ប្រចាំឆ្នាំដ៏ធំបំផុតរបស់អាស៊ាន ដែលតែងតែមានការ ចូលរួមពីថ្នាក់ដឹកនាំក្នុងតំបន់និងពិភពលោក ដើម្បី​​ពិភាក្សាទៅលើប្រធានបទដ៏មានសារៈសំខាន់ដល់សេដ្ឋកិច្ច និងការរីក ចម្រើនតំបន់អាស៊ាន។

ដោយឡែក ពានរង្វាន់ធុរកិច្ចអាស៊ាន គឺជាពានរង្វាន់សម្រាប់​ក្រុមហ៊ុនឆ្នើមក្នុងអាស៊ានដែលចូលរួមចំណែកលើក កម្ពស់ជីវភាពប្រជាជន និង ជំរុញកិត្យានុភាពអាស៊ាន៕