ថវិកា១៥០លានដុល្លារ ចាប់ផ្តើមទម្លាក់កម្ចីដល់ម្ចាស់អាជីវកម្មទេសចរណ៍ជាផ្លូវការហើយ

សង្គម​និង​សេដ្ឋកិច្ច

ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅនេះ គម្រោងហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនួន ១៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍ឡើងវិញ នឹងចាប់ផ្តើមទម្លាក់កម្ចីដល់ម្ចាស់អាជីវកម្មទេសចរណ៍ជាផ្លូវការហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា «គម្រោងសហហិរញ្ញប្បទាន សម្រាប់ជួយស្តារវិស័យទេសចរណ៍មានទឹកប្រាក់ចំនួន ១៥០លានដុល្លារ ត្រូវបានធនគារ SME រៀបចំរួចរាល់ ដោយបានចុះអនុស្សរណៈជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ចំនួន១៩គ្រឹះស្ថាន និងទទួលបានការចុះហត្ថលេខាទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ផងដែរ។ ដូច្នេះការទទួលពាក្យស្នើសុំឥណទាន និងការផ្ដល់ឥណទាននឹងចាប់ផ្ដើម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ»។

ដោយឡែកលោកបានឲ្យដឹងថា ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានចូលរួមជាមួយធនាគារ SME មានចំនួន១៩គ្រឹះស្ថានរួមមាន៖ ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារ CHIP MONG, ធនាគារ APD, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, ធនាគារ PPCBank, ធនាគារអេស៊ីលីដា, ធនាគារស្ថាបនា, ធនាគារកាណាឌីយ៉ា, ធនាគារ FTB, ធនាគារហត្ថា, ធនាគារ PhilipBank, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ធនាគារ ABA, ធនាគារ CIMB, ធនាគារ RHB, ធនាគារ PRINCE, ធនាគារ Wing និងធនាគារ Sacombank។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់អតិបមា ៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ហើយអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ៕