ក្រសួង ជូនដំណឹងពីបញ្ហាសេវាអ៊ីនធឺណិត សេវាទូរស័ព្ទចល័ត និងវិធានការដោះស្រាយ

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញ​សេចក្តី​ជូន​ដំណឹង​មួយ ​​និយាយ​អំពី​បញ្ហា​សេវាទូរស័ព្ទ​ចល័ត បញ្ហាសេវាអ៊ីនធឺណិត បញ្ហា​សេវា​ទូរស័ព្ទ​ចល័ត​និងសេវា​អ៊ីនធឺណែត​នៅ​តាម​បុរី ​ព្រម​ទាំង​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចង់​ដឹង​​​យ៉ាង​ណា​នោះ សូម​អាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ចាប់​តាំងពីខែមេសា ឆ្នាំ២០២០ មក ក.ប.ទ. បានដាក់ចេញនូវយន្តការកែទម្រង់ស៊ីជម្រៅ​ផ្ទៃក្នុងនៅ​គ្រប់​អង្គភាពចំណុះ និងនៅនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។ ក្នុងការកែទម្រង់នោះ មានការរៀបចំ​ពង្រឹងសមត្ថភាពមន្ត្រីរាជការ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង ការពង្រឹងប្រសិទ្ធភាពនិងតម្លាភាព​លើការប្រមូលចំណូលនិងទារបំណុល ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំលិខិតបទដ្ឋាន​គតិ​យុត្តពាក់ព័ន្ធ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងបានចូលរួមជាមួយ​រាជរដ្ឋា​ភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

បន្ថែមពីលើនេះ ក.ប.ទ. បានចាត់ទុកការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ និងការពង្រឹង​គុណភាពសេវាទូរគមនាគមន៍ ជាការងារអាទិភាពបំផុត ដើម្បីធានាថា អ្នកប្រើប្រាស់ទទួលបានសេវាប្រកប​ដោយគុណភាពនិងតម្លៃសមរម្យ។

បើទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះ ទទួលបានជោគជ័យលើផ្នែកជាច្រើនក្នុងវិស័យទូរគមនាគមន៍ក៏​ដោយ ក៏ប៉ុន្តែកិច្ចការមួយចំនួននៅមិនទាន់កែលំអឱ្យបានល្អប្រសើរនៅឡើយ ដូចជា បញ្ហាគុណភាពសេវា​ទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត។ ដើម្បីដោះស្រាយបញ្ហានេះ ក.ប.ទ. បានសិក្សា ស្រាវជ្រាវ និងពិភាក្សា​ជាមួយភាគីពាក់ព័ន្ធ ដោយកំណត់មូលហេតុមួយចំនួន ដែលបណ្តាលឱ្យគុណភាពសេវាទូរសព្ទចល័ត​និង​សេវាអ៊ីនធឺណិតរអាក់រអួល ឬដំណើរការមិនបានល្អ ឬគ្មានសេវា ដូចខាងក្រោម៖

ក. បញ្ហាសេវាទូរសព្ទចល័ត៖

១-ប្រតិបត្តិករទូរសព្ទចល័តមួយចំនួននៅបន្តប្រើប្រាស់​បច្ចេកវិទ្យានិងឧបករណ៍ ដែលមិនទាន់ធ្វើទំនើបកម្ម​ឱ្យទាន់បច្ចេកវិទ្យាតាមស្តង់ដារ នៅតាមស្ថានីយមួយចំនួន។

២-ការវិនិយោគបន្ថែមដោយប្រតិបត្តិករមួយចំនួនលើការកែសម្រួល ការបង្កើនសមត្ថភាព និងការសាងសង់​ស្ថានីយអង់តែនបន្ថែម នៅមានកម្រិតនៅឡើយ ដែលមិនស្របនឹងកំណើននៃចំនួនអ្នកប្រើប្រាស់​តាមតំបន់​នៃស្ថានីយអង់តែនទាំងនោះ។

៣-កំណើននៃសំណង់អគារខ្ពស់ៗ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យទីតាំងម្ខាងទៀតនៃអគារ ដែលពុំមាន​ស្ថានីយអង់តែន ពុំអាចទទួលសេវាបានល្អ ដូចនេះ ប្រតិបត្តិករត្រូវសាងសង់ស្ថានីយអង់តែន​នៅម្ខាង​ទៀត​នៃអគារ។ ចំណែកផ្ទៃខាងក្នុងនៃអគារ សេវាត្រូវបានបាត់បង់យ៉ាងតិច ៣០-៤០% ដែលទាមទារឱ្យមាន​ការ​បំពាក់ប្រព័ន្ធអាយប៊ីអេស (In-Building Solution) នៅក្នុងអគារ ប៉ុន្តែខាងក្នុងអគារភាគ​ច្រើនពុំបានធ្វើ​ដូច្នោះទេ។

៤-ក្នុងពេលដែលប្រតិបត្តិករបាននិងកំពុងបន្តវិនិយោគបន្ថែម ដើម្បីធានាគុណភាពសេវា ក៏មានកំណើន​យ៉ាង​គំហុកនៃការប្រើប្រាស់សេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតផងដែរ ជាពិសេសក្នុងអំឡុងពេល​នៃ​ការ​រីករាលដាលនៃជំងឺកូវីដ-១៩។

៥-បើទោះបីជាមានស្ថានីយអង់តែនដែលអាចផ្តល់សេវាគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែដើម្បីសន្សំការចំណាយ ប្រតិបត្តិករមួយចំនួនអាចបន្ថយចំណុះសមត្ថភាពនៃឧបករណ៍បញ្ជូននិងទទួលសេវា។

៦-ស្ថានីយអង់តែនជាច្រើនបំពាក់ឧបករណ៍ដែលគ្មានការទទួលស្គាល់យថាប្រភេទពី ន.ទ.ក. ឬឧបករណ៍​កែច្នៃដែលមិនស្របតាមស្តង់ដាបច្ចេកទេស។

៧-នៅតាមបណ្តោយផ្លូវជាតិ ឬនៅតាមបណ្តាខេត្ត ស្ថានីយអង់តែនភាគច្រើនត្រូវបានសាងសង់ នៅតែ​តំបន់​ទីប្រជុំជន ដោយពុំបានសាងសង់នៅចន្លោះតំបន់ទីប្រជុំជន។

៨-ដើម្បីបង្កើនសេវាទូរសព្ទចល័ត ប្រជាពលរដ្ឋមួយចំនួនបានដំឡើងឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ​ឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) ដោយខ្លួនឯង ដែលឧបករណ៍នេះត្រូវបាន​នាំចូល​ដោយខុសច្បាប់ និងពុំមានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទពី ន.ទ.ក. ដែលបណ្តាលឱ្យមានការ​ឆ្លង​រំខានសេវានៅតំបន់ជុំវិញខ្លួនរស់នៅ។

៩-ការនាំចូលទូរសព្ទមួយទឹកដែលគ្មានគុណភាព ឬទូរសព្ទដែលពុំមានវិញ្ញាបនបត្រទទួល​ស្គាល់យថា​ប្រភេទ​ពី ន.ទ.ក. និងខុសពីស្តង់ដាបច្ចេកទេស ឬទូរសព្ទក្លែងក្លាយ។

១០-សេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតនៅកម្ពុជាមានតម្លៃទាប ធៀបនឹងតម្លៃសេវាទូរសព្ទ​នៅបណ្តា​ប្រទេស​ក្នុងតំបន់។

១១-ប្រតិបត្តិករបានដាក់ចេញនូវកញ្ចប់ដូរលុយដែលផ្ដល់ចំណុះសមត្ថភាពអ៊ីនធឺណិតច្រើនលើសលុប ធ្វើឱ្យអ្នកប្រើប្រាស់ប្រើដោយសេរី ដែលលើសពីតម្រូវការជាក់ស្តែង ជាអាទិ៍ ការមើលវីដេអូតាមយូធូប (YouTube) និងបណ្ដាញសង្គមផ្សេងៗ ការលេងហ្គេមអនឡាញ ការទាញយកទិន្នន័យ (Download) និងកំណើននៃការប្រើប្រាស់សេវាអ៊ីនធឺណិតនានា ដែលនាំឱ្យមានភាពកកស្ទះនិងលើស​ពីចំណុះ​សមត្ថភាព​ផ្គត់ផ្គង់។

ខ. បញ្ហាសេវាអ៊ីនធឺណិត៖

១.សមត្ថភាពសេវាអ៊ីនធឺណិតមិនគ្រប់គ្រាន់ដោយសារ៖ ១) អ្នកប្រើប្រាស់ទិញសេវាអ៊ីនធឺណិតដែល​មាន​ចំណុះ​សមត្ថភាពសម្រាប់ឧបករណ៍ ១-២ តែប្រើរហូតដល់ ៤-៥ ឧបករណ៍ក្នុងពេលតែមួយ និង/ឬ ២) ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតផ្គត់ផ្គង់ចំណុះសមត្ថភាពមិនគ្រប់តាមចំនួនដែលអ្នកប្រើប្រាស់បានចុះកិច្ចសន្យាទិញ។

២.ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតដំឡើងនិងប្រើប្រាស់ខ្សែកាបអុបទិកនិងគ្រឿងសម្ភារៈបរិក្ខា ពុំមាន​គុណភាពនិងពុំស្របតាមស្តង់ដាបច្ចេកទេស។

៣.ការអភិវឌ្ឍនិងការស្ថាបនាកែលំអផ្លូវជាតិ ផ្លូវក្រុង និងផ្លូវទីប្រជុំជន បណ្តាលឱ្យប៉ះពាល់ដល់ខ្សែកាប​អុបទិកនៅតាមបណ្តោយដងផ្លូវទាំងនោះ។

៤.ក្នុងរយៈពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិតមាន​ការកើនឡើង​ប្រមាណ ៥០% ក៏ប៉ុន្តែការវិនិយោគលើការពង្រីកបណ្តាញ​របស់ប្រតិបត្តិករនៅមានកម្រិត​ និងមិនឆ្លើយតប​តាម​កំណើនដ៏គំហុកនេះ។

គ. បញ្ហាសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតនៅតាមបុរី

១.ការកើនឡើងយ៉ាងគំហុកនៃការអភិវឌ្ឍបុរី ដោយគ្មានមាត្រដ្ឋានបច្ចេកទេសច្បាស់លាស់និងត្រឹមត្រូវ ឬមិនបានលៃទុកទីតាំងសម្រាប់ដំឡើងស្ថានីយអង់តែនក្នុងបុរី។ បុរីខ្លះទៀត មានការប្តឹងតវ៉ាមិនឱ្យសាង​សង់ស្ថានីយអង់តែន ដោយលើកយកហេតុផលពុំសមស្រប ដូចជាខ្លាចប៉ះពាល់ដល់សុខភាព ឬប៉ះពាល់​ដល់​តម្លៃអចលនទ្រព្យ។

២.បុរីមួយចំនួនត្រូវបានសាងសង់ ដោយពុំបានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ក្រោមដី​ទុក​ជាមុន ឬពុំបានរៀបចំឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬបានរៀបចំដែរ ប៉ុន្តែមិនបានល្អ។

៣.បុរីមួយចំនួនបានផ្តល់សិទ្ធិផ្តាច់មុខសម្រាប់តែប្រតិបត្តិករមួយ ដែលពុំទទួលខុសត្រូវក្នុងការផ្តល់​សេវា​ឱ្យបានល្អ ដោយសមត្ថភាពនៃការផ្គត់ផ្គង់សេវាមិនសមាមាត្រនឹងចំនួនប្រជាជននៅក្នុងបុរី ឧទាហរណ៍ បណ្តាញខ្សែកាបអុបទិកដែលមានចំណុះសមត្ថភាពផ្គត់ផ្គង់ ១០០ គ្រួសារ ប៉ុន្តែបែរជាត្រូវផ្គត់ផ្គង់រហូតដល់ ៣០០-៥០០ គ្រួសារ។

៤.ជាទូទៅ សេវាទូរសព្ទចល័តមានគ្របដណ្តប់នៅលំហខាងក្រៅ ប៉ុន្តែក្នុងអគារឬលំនៅដ្ឋាន ដែលមាន​បន្ទប់​ឬជញ្ជាំងច្រើន សេវាមិនអាចចូលទៅដល់។ នៅក្នុងបុរី មានការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) យ៉ាងច្រើន។

ដើម្បីដោះស្រាយ​បញ្ហា​ទាំងនេះ ក.ប.ទ. បានដាក់ចេញវិធានការ ដូចខាងក្រោម៖

១.ចាត់តាំងក្រុមការងារចំនួន ៥ តំបន់នៅទូទាំងប្រទេស ដោយតំបន់នីមួយៗទទួលបន្ទុក ៤-៥ ខេត្ត ដើម្បី​ចុះពិនិត្យ ស្រង់ទិន្នន័យ និងរាប់ចំនួនស្ថានីយអង់តែន ដែលប្រតិបត្តិករពុំដែលផ្តល់ជូន ទោះបីជា ក.ប.ទ. បានស្នើសុំយ៉ាងណាក៏ដោយ។ ជាលទ្ធផល ក.ប.ទ. កំណត់បានទីតាំងនៃគ្រប់ស្ថានីយអង់តែន ការបំពាក់​គ្រឿងសម្ភារៈបរិក្ខានិងបច្ចេកវិទ្យាដែលបានប្រើប្រាស់។ ជំហានបន្ទាប់ ក.ប.ទ. នឹងជំរុញការផ្លាស់ប្តូរ​គ្រឿង​សម្ភារៈបរិក្ខានិងបច្ចេកវិទ្យា ព្រមទាំងការសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីបង្កើនគុណភាពសេវា។

២.ចាត់តាំងក្រុមការងារចំនួន ៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយ​បញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ច​សហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។

៣.បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test) ចំនួន ៥ គ្រឿង សម្រាប់ធ្វើការ​វាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអសេវា ឬវិនិយោគបន្ថែម។

៤.ដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ MPTC Speed Test សម្រាប់អ្នកប្រើប្រាស់អាចវាស់​ល្បឿនសេវា​ទូរសព្ទ​និងសេវាអ៊ីនធឺណិតដោយខ្លួនឯង និងមានសិទ្ធិប្តឹងមក ន.ទ.ក. ដើម្បីដោះស្រាយ។

៥. “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” នឹងត្រូវដាក់ឱ្យអនុវត្តនាពេលឆាប់ៗខាងមុខ ដើម្បី​ដាក់​កាតព្វកិច្ចលើប្រតិបត្តិករឱ្យពង្រឹងគុណភាពសេវានិងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក្នុងគោលដៅ​ការពារ​ផលប្រយោជន៍របស់អ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ ក.ប.ទ. សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ឧបករណ៍​បង្កើនកម្លាំង​សេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) ពីព្រោះឧបករណ៍ទាំងនេះ​កំពុងឆ្លង​រំខាន និងប៉ះពាល់គុណភាពសេវា។ បន្ថែមលើនេះទៀត ក.ប.ទ. ក៏សំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការ​ទទួល​ស្គាល់យថាប្រភេទពី ន.ទ.ក. ជៀសវាងការប្រឈមនឹងវិធានការច្បាប់។

ក.ប.ទ. ប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្ត​តាម​ច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក.ប.ទ. សង្ឃឹមជឿជាក់យ៉ាងមុតមាំ​លើការ​ចូល​រួមសហការពីប្រតិបត្តិករទូរគមនាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ ដើម្បីធ្វើ​ឱ្យសេវា​ទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតបានល្អប្រសើរឡើង។

អាស្រ័យហេតុនេះ សូម ប្រតិបត្តិករទូរគមនាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តា​ជ្រាប និងចូលរួមសហការ៕