បើកចរាចរ​ឡើ​ងវិញ នៅលើផ្លូវជាតិលេខ៤ ចំណុច​​ស្ពាន​ស្ទឹងសំរោង ក្រោយ​ជំនន់​ទឹកភ្លៀ​ង​ស្រកចុះ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា​ឆ្នាំ២០២២ បាន​បើកឱ្យចរាចរ​ឡើងវិញនៅ​លើ​កំណាត់​ផ្លូ​វជាតិលេខ៤ ត្រង់​ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ត្រលេខ ១១៥-១១៦ ក្រោយ​ពី​កម្រិតជំនន់ទឹកភ្លៀងដែលជន់លិចកាល​ពីម្សិលមិញ បានស្រកចុះជាបណ្តើរៗស្រកផុតពីផ្លូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ចូនដោយរថយន្ត និងសាធារណជន សូមបើកបរដោយ​មាន​ការប្រុងប្រយ័ត្នខ្ពស់ យោគយល់អធ្យាស្រ័យ និងចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ថា ដោយសារជំនន់ទឹកភ្លៀង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២  អាជ្ញាធរ​ខេត្តព្រះសីហនុ បាន​ផ្អាក​ចរា​ចរ​បណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច​ស្ពាន​ស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិ​ស្ទឹងសំរោង ឃុំអូរ​បាក់​រទេះ ស្រុក​កំពង់សីលា  ។

ស្ថានភាពទឹកហូរជន់លិចផ្លូវ ​មិនអាចអនុញ្ញាឱ្យ យានយន្តគ្រប់ប្រភេទ​ធ្វើ​ដំណើរឆ្លង​កាត់ទីតាំងនោះបាន​​រដ្ឋបាល​ខេត្តព្រះ​សីហ​នុ ក៏បានណែនាំក្នុងករណីក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មានបំណងធ្វើ​​ដំណើរ​តាម​ផ្លូវជាតិលេខ៤ ទៅមកខេត្តព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវជាតិ​លេខ៣ជំនួសវិញ៕