កម្ពុជាស្នើឱ្យអាមេរិកបន្តផ្តល់ឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅតែចង់រក្សាទីផ្សារមួយចំនួននៅលើពិភពលោក ដែលជាផ្នែកមួយនៃសេដ្ឋកិច្ចការទូតកម្ពុជា។ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការបរទេស ឯកឧត្តម ប្រាក់ សុខុន ក៏បានស្នើអាមេរិកឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងឯកឧត្តម ប្រាក់ សុខុន និង
ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជំនួបនោះបានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវទៅឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែក សេដ្ឋកិច្ចផងដែរ។

យ៉ាងណា ទោះបីជាមិនទាន់បានឆ្លើយតបច្បាស់ចំពោះការស្នើអាមេរិកឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ឯកឧត្តម ប្រាក់ សុខុនក្តី។ប៉ុន្តែឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Daniel Kritenbrink បានថ្លែងអំណរគុណកម្ពុជាចំពោះការគាំទ្រនេះ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខ។

ជាមួយគ្នានេះ នៅក្នុងក្របខណ្ឌអាស៊ាន ឯកឧត្ដម Daniel Kritenbrink ក៏បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។

សូមរម្លឹកដែរថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក បានផ្តល់លទ្ធភាពឱ្យកម្ពុជានាំទំនិញជាង

៥ ០០០មុខចេញទៅកាន់ទីផ្សារអាមេរិកដោយមិនបង់ពន្ធគយ។ ប៉ុន្តែប្រព័ន្ធអនុគ្រោះពន្ធនេះបានផុតសុពលភាពកាលពីឆ្នាំ២០២០ ហើយមិនទាន់បានផ្តល់សុពលភាពឡើងវិញទេចាប់តាំងពីឆ្នាំ២០២១មក។

យ៉ាងណា តាមរយៈជំនួបនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink ក៏បាន ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។ជាងនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបការីរដ្ឋមន្ត្រី Daniel Kritenbrink ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងមានផលប្រយោជន៍រួមផងដែរ៕

អត្ថបទ៖រង្សី