ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋចូលរួមកាត់ផ្តាច់ខ្សែចម្លងវីរុសអុតស្វា ឱ្យទាន់ពេលវេលា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកក្កដានេះ បានប្រកាសអំពីការររកឃើញបុរសជនជាតិនីហ្សេរីយ៉ាដែលមានជំងឺអុតស្វា នៅរាជធានីភ្នំពេញ ហើយអំពាវនាវពលរដ្ឋចូលរួមកាត់ផ្តាច់ខ្សែចម្លងវីរុសអុតស្វា ឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10414328 ជាអ្នកទេសចរណ៍ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺអុតស្វាខាងលើនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញដឹកមកកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដាក់ឱ្យសម្រាកព្យាបាល រួចរាល់ហើយ។

ដើម្បីការពារការចម្លងនៃវីរុសអុតស្វា ក្រសួងសុខាភិបាល បានអំពាវនាវឱ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនី ហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬជូនព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូន ព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងវីរុស អុតស្វានេះបានទាន់ពេលវេលា។

ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសអុតស្វា ដែលក្រសួងបានចេញ សេចក្ដីណែនាំជារឿយៗ ជាពិសេស មិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជាមួយសត្វព្រៃ និងត្រូវបរិភោគអាហារដែលឆ្អិនល្អ ព្រមទាំង រក្សាអនាម័យដៃ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឬដែល និងស្វែងរកការពិនិត្យ ព្យាបាលប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ៕